មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») ប្រារព្ធទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន

28/10/2025 សេចក្តីថ្លែងការណ៍

កាលពីឆ្នាំ២០១៣ សន្និបាតអង្គការសហប្រជាជាតិបានអនុម័ត និងប្រកាសយកថ្ងៃទី២ ខែវិច្ឆិកា ជាទិវាអន្តរជាតិ ដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន។ សេចក្តីសម្រេចនេះថ្កោលទោសគ្រប់ទម្រង់នៃការវាយប្រហារនិងការប្រើអំពើហិង្សាលើអ្នកសារព័ត៌មាន និងអ្នកធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងជំរុញរដ្ឋភាគីឱ្យអនុវត្តនូវវិធានការជាក់លាក់ប្រយុទ្ធប្រឆាំងលើវប្បធម៌និទណ្ឌភាព។ ទិវានេះជាការរម្លឹកស្មារតីដល់រដ្ឋ     ជាភាគី ត្រូវចាត់វិធានការទប់ស្កាត់នូវរាល់អំពើហិង្សាលើអ្នកសារព័ត៌មាន និងអ្នកដែលធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងធានានូវគណនេយ្យភាព ដោយនាំជនល្មើសមកកាត់ទោស និងធានាថាជនរងគ្រោះទទួលបាននូវសំណងសមរម្យផងដែរ។ បន្ថែមលើនេះ ទិវានេះក៏អំពាវនាវដល់រដ្ឋជាភាគីក្នុងការលើកកម្ពស់នូវសុវត្ថិភាព និងបង្កបរិយាកាសដែលអ្នកសារព័ត៌មាន អាចបំពេញការងាររបស់ខ្លួនដោយឯករាជ្យ និងមិនមានការជ្រៀតជ្រែក។