សេចក្តីថ្លែងការណ៍រួម សូមដោះលែង និងទម្លាក់បទចោទប្រកាន់លើអ្នកសារព័ត៌មាន ហែម វណ្ណា

10/02/2026 សេចក្តីថ្លែងការណ៍

យើងខ្ញុំជាអង្គការសង្គមស៊ីវិល និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលធ្វើការលើកកម្ពស់សេរីភាព បញ្ចេញមតិនិងសេរីភាពសារព័ត៌មាន អំពាវឲ្យមានការដោះលែងអ្នកសារព័ត៌មាន លោក ហែម វណ្ណា នៃស្ថាប័នសារព័ត៌មានអនឡាញ HVNN TV Online ក្នុងខេត្តបន្ទាយមានជ័យ។

យោងតាមអង្គការសិទ្ធិមនុស្សក្នុងស្រុក រួមមានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) និងអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស(លីកាដូ) លោក វណ្ណា ត្រូវបានចាប់ខ្លួនដោយ  កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បន្ទាប់ពីបានរាយការណ៍អំពីការសង្ស័យនៃទីតាំងឆបោកតាមប្រព័ន្ធអនឡាញ។ លោក វណ្ណា ត្រូវបានតុលាការខេត្តចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ និងបទស្តាប់ឬថតពាក្យសម្តីឯកជនតាមមាត្រា ៣០១ នៃក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្នលោកកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តបន្ទាយមានជ័យ។