អំពីយើង
យើងខ្ញុំសូមថ្លែងអំណរគុណដល់លោកអ្នក ចំពោះការចូលទស្សនាគេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស (ម.ស.ម.ក)។ ចំណាប់អារម្មណ៍ និងការគាំទ្ររបស់លោកអ្នកចំពោះ ម.ស.ម.ក គឺជាការផ្តល់កម្លាំងចិត្ត និងសំខាន់បំផុតដល់កិច្ចខិតខំការងាររបស់យើងខ្ញុំបន្តទៀតក្នុងបុព្វហេតុដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
បេសកកម្មការងាររបស់ ម.ស.ម.ក គឺដើម្បីដោះស្រាយបញ្ហាទាំងនេះ តាមរយៈការឃ្លាំមើលការរំលោភ បំពានសិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យ ការតស៊ូមតិដើម្បីឱ្យមានការផ្លាស់ប្តូរជាចាំបាច់នូវគោលនយោបាយ និងច្បាប់ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងតាមរយៈការផ្តល់អំណាចដល់សកម្មជន និងសហគមន៍ ក្នុងការ តស៊ូមតិគាំទ្រដល់សិទ្ធិរបស់ពួកគាត់។
យើងក៏លើកកម្ពស់ផងដែរនូវយុទ្ធវិធីបែបកិច្ចសហប្រតិបត្តិការចំពោះសិទ្ធិមនុស្ស។ នេះមានន័យថាយើងធ្វើកិច្ចសហការជាមួយដៃគូដទៃៗទៀត និងព្យាយាមដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅថ្នាក់មូលដ្ឋាន។ គម្រោងនីមួយៗរបស់យើងខិតខំពង្រឹងអំណាចដល់តួអង្គផ្សេងៗ ជាច្រើន រួមមាន ប្រជាពលរដ្ឋសាមញ្ញ សកម្មជនមូលដ្ឋាន អង្គការដែលមានមូលដ្ឋាននៅតាមសហគមន៍ជាដើម។ នៅលើគេហទំព័រនេះ លោកអ្នកនឹងអាចស្វែងរកព័ត៌មាន ពាក់ព័ន្ធនឹងតួអង្គទាំងនេះប៉ុន្តែលោកអ្នកក៏អាចរកតំណនានាដើម្បីភ្ជាប់ទៅនឹងដៃគូជាតិ និងអន្តរជាតិ ម្ចាស់ជំនួយ និងអង្គការដទៃទៀតដែលធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
យើងខ្ញុំសូមលើកទឹកចិត្តដល់អស់លោកអ្នកឱ្យប្រើប្រាស់គេហទំព័រនេះ ដើម្បីឈ្វេងយល់បន្ថែមទៀតអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងអំពីសាវតាររបស់ ម.ស.ម.ក បុគ្គលិក និងការងារលើកកម្ពស់ផ្នែក សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ គេហទំព័រនេះ បញ្ចូលឯកសារនានារបស់ ម.ស.ម.ក មានដូចជា សេចក្តីថ្លែងការណ៍ របាយការណ៍ ព្រឹត្តិការណ៍ថ្មីៗ ស្តីពីកិច្ចការងាររបស់យើង ព្រមទាំងព័ត៌មានស្តីពីរបៀបដែលលោកអ្នកអាចគាំទ្រ ម.ស.ម.ក និងតាមដាននូវរាល់សកម្មភាពថ្មីៗរបស់យើងខ្ញុំ។
ប្រសិនបើអស់លោកអ្នក មានសំនួរមកកាន់ ម.ស.ម.ក ឬចង់ចូលរួមក្នុងការងារជាមួយយើង សូមលោកអ្នកមេត្តាកុំរុញរាទាក់ទងមកយើងខ្ញុំ។ ទំព័រហ្វេសប៊ុក និង ទ្វីតធើ របស់យើងខ្ញុំគឺជាមធ្យោបាយដ៏ងាយស្រួលមួយដើម្បី ទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងតាមដាននូវរាល់សកម្មភាពនានារបស់យើងខ្ញុំ។ យើងខ្ញុំសង្ឃឹមថា គេហទំព័ររបស់ ម.ស.ម.ក នឹងជាប្រភពដ៏មានប្រយោជន៍មួយសម្រាប់លោកអ្នក ហើយលោកអ្នកនឹងបន្តចូលទស្សនាគេហទំព័រនេះជាដរាប។
សូមស្វាគមន៍ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោកអ្នក ចំពោះការចូលទស្សនាគេហទំព័ររបស់យើងខ្ញុំ។

រូបសញ្ញាសម្គាល់របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) គឺ រូបសត្វស្លាបពណ៌ស កំពុងហើរបំបែកចេញពីរង្វង់មូល ពណ៌ផ្ទៃមេឃ ដែលមានន័យថា គឺជាការទាមទារសេរីភាពនៅកម្ពុជា។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) គឺជាអង្គការមិនមែនរដ្ឋាភិបាល មិនមាននិន្នាការនយោបាយ ឯករាជ្យ ឈានមុខមួយដែលធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិសេសសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនៅកម្ពុជា។ យើងធ្វើការផ្តល់អំណាចដល់សង្គមស៊ីវិលដើម្បីទទួលបានសិទ្ធិ និងសម្រេចបាននូវវឌ្ឍនភាព។ តាមរយៈការស្រាវជ្រាវនិងការវិភាគយ៉ាងលម្អិតយើងបង្កើតនូវគោលការណ៍ថ្មីៗនិងធ្វើការតស៊ូមតិឲ្យមានការអនុវត្ត។
អានបន្ថែម
សកម្មជនការពារសិទ្ធិមនុស្ស លោក កឹម សុខា បានបង្កើត ម.ស.ម.ក នៅក្នុងខែ វិច្ឆិកា ឆ្នាំ២០០២។ នៅខែធ្នូ ឆ្នាំ២០០៥ លោកត្រូវបានអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួនជាមួយនឹងសកម្មជនដទៃទៀត ក្រោមការចោទប្រកាន់ពីបទបរិហារកេរ្មិ៍ ដោយសារមតិយោបល់ដែលត្រូវបានសរសេរដោយជនមិនស្គាល់អត្តសញ្ញាណលើបដាដែលបានដាក់បង្ហាញនៅថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្ស។ សកម្មជនទាំងអស់ ត្រូវបានដោះលែងវិញ បន្ទាប់ពីមានសម្ពាធជាអន្តរជាតិ និងបន្ទាប់ពីមានយុទ្ធនាការមួយដើម្បីសិទ្ធិសេរីភាពខាងការបញ្ចេញមតិ ដឹកនាំដោយលោក អ៊ូ វីរៈ នាយកផ្នែកតស៊ូមតិរបស់ ម.ស.ម.ក។
នៅដើមឆ្នាំ២០០៧ លោក កឹម សុខា បានលាឈប់ពី ម.ស.ម.ក ដោយបានបន្តអាជីពជាអ្នកនយោបាយ។ លោក អ៊ូ វីរៈ ត្រូវបានតែងតាំងជាប្រធាន ជំនួសលោកកឹម សុខា ហើយនៅឆ្នាំនោះដែរ លោកបានទទួលពានរង្វាន់ Reebox Human Rights Award ដោយសារការងារលើកកម្ពស់សេរីភាពខាងការបញ្ចេញមតិរបស់លោក។ នៅខែមីនា ឆ្នាំ២០១៤ លោក អ៊ូ វីរៈ បានលាលែងពីដំណែងជាប្រធាន ម.ស.ម.ក ហើយបានជំនួសដំណែង ដោយលោកស្រី ចក់ សុភាព ដែលបច្ចុប្បន្ននេះ បានដឹកនាំ ម.ស.ម.ក កាន់ដំណែងជានាយិកាប្រតិបត្តិ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានគេទទួលស្គាល់ពីស្នាដៃការងារជាច្រើន តាមរយៈ សមាជិកបុគ្គលិកបានទទួលឬត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ដូចខាងក្រោម៖
ជ័យលាភីពានរង្វាន់ បណ្តាញទំនាក់ទំនងសម្រាប់ការផ្លាស់ប្តូរសង្គម ប្រចាំឆ្នាំ២០១៣ សម្រាប់គេហទំព័រអំពី “សិទ្ធិ” www.sithi.org របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។
ជ័យលាភីពានរង្វាន់ Information Society Innovation Fund Award (ISIF) ២០១១, ប្រភេទសិទ្ធិ និងសេរីភាពរបស់ www.sithi.org ដែលបានបង្កើតគេហទំព័រអំពីសិទ្ធិមនុស្សមុនគេនៅកម្ពុជា។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ នៃ ម.ស.ម.ក ត្រូវបានតែងតាំងដើម្បីទទួលពានរង្វាន់ Lorenzo Natali Prize ប្រចាំឆ្នាំ២០០៩ ខាងវិជ្ជាជីវៈសារព័ត៌មានផ្នែកសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍។
លោក អ៊ូ វីរៈ អតីតប្រធាន ហើយបច្ចុប្បន្ននេះ ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ ម.ស.ម.ក ត្រូវបានតែងតាំងដើម្បីទទួលពានរង្វាន់ John Humphrey Freedom Award ប្រចាំឆ្នាំ២០០៨ ចំពោះការងារលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
លោក អ៊ូ វីរៈ អតីតប្រធាន ហើយបច្ចុប្បន្ននេះ ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ ម.ស.ម.ក ជាជ័យលាភីទទួលពានរង្វាន់ Reebox Human Rights Award ប្រចាំឆ្នាំ២០០៧ ក្នុងការដឹកនាំយុទ្ធនាការដើម្បីសេរីភាពខាងការបញ្ចេញមតិនៅកម្ពុជា។