ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០២១

នៅក្នុងឆ្នាំ២០២១ ស្ថានភាពសិទ្ធិមនុស្សនៅព្រះរាជាណាចក្រកម្ពុជា («កម្ពុជា») បន្តធ្លាក់ដុនដាបខ្លាំង។ មានការប្រើយុទ្ធវិធីគាបសង្កត់កាន់តែខ្លាំងឡើងៗតាមរូបភាពផ្សេងៗក្នុងការបំបិទសំឡេងសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស សកម្មជនសហជីព អ្នកសារព័ត៌មាន និងអ្នកមាននិន្នាការនយោបាយផ្ទុយ។ ការណ៍នេះនាំឱ្យលម្ហសម្រាប់អនុវត្តសេរីភាពមូលដ្ឋាន រួមមាន សិទ្ធិសេរីភាពខាងការបង្កើតសមាគម ការបញ្ចេញមតិ និងការជួបប្រជុំថយចុះយ៉ាងខ្លាំង។

នៅដើមឆ្នាំ២០២១ ការឆ្លងរាតត្បាតនូវជំងឺកូវីដ-១៩ បានចាប់ផ្តើមានវត្តមានយ៉ាងសន្ធាប់នៅក្នុងប្រទេសកម្ពុជា ដែលនៅពេលនោះកម្ពុជាទទួលរងការឆ្លងជំងឺនេះយ៉ាងខ្លាំង។ រដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តជាចាំបាច់នូវវិធានការរឹតត្បិត និងការបិទខ្ទប់ក្នុងឆ្នាំ២០២០ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត ប៉ុន្តែវិធានអនុវត្តដ៏តឹងរ៉ឹងដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតទាំងនេះប៉ះពាល់ដល់លទ្ធភាពរបស់បុគ្គលក្នុងការអនុវត្តសេរីភាពមូលដ្ឋាន។ បន្ទាប់ពីការផ្ទុះជំងឺនេះមករាជរដ្ឋាភិបាលកម្ពុជា («រដ្ឋាភិបាល») បានអនុម័តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលផ្តល់ឆន្ទានុសិទ្ធិដ៏ទូលំទូលាយដល់អាជ្ញាធរក្នុងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលនាំឱ្យមានការរឹតត្បិតសិទ្ធិមនុស្ស និងប៉ះពាល់ដល់លទ្ធភាពរបស់អង្គភាពព័ត៌មាន ការរិះគន់លើរដ្ឋាភិបាល និងវិធានការរបស់រដ្ឋាភិបាលឆ្លើយតបទៅនឹងការឆ្លងរាតត្បាត។ រដ្ឋាភិបាលព្រមទាំងដៅមុខសញ្ញាបង្ក្រាបជាបន្តបន្ទាប់ទៅលើបុគ្គលមួយចំនួនដែលមានសម្ព័ន្ធភាពជាមួយអតីតគណបក្សជំទាស់ គឺគណបក្សសង្គ្រោះជាតិកម្ពុជា («គណបក្សសង្គ្រោះជាតិ») នោះផងដែរ ក្នុងនោះមានការផ្តន្ទាទោសលើអតីតសមាជិក គណបក្សសង្គ្រោះជាតិ ជាច្រើននាក់ក្នុងឆ្នាំ២០២១ ក្រោមបទចោទដែលគ្មានមូលដ្ឋានច្បាស់លាស់។ ការប៉ុនប៉ងបង្ក្រាបដោយពុំបង្អង់ទៅលើអ្នកមាននិន្នាការនយោបាយជំទាស់នេះបង្កើតបានជាយុទ្ធនាការខ្លាំងឡើងប្រឆាំងលើសំឡេងជំទាស់រហូតមានការដាក់ពន្ធនាគារដោយពុំត្រឹមត្រូវលើអ្នកការពារសិទ្ធិមនុស្សជាច្រើននាក់ និងការផ្តន្ទាទោសក្រោមបទចោទដែលមានហេតុផលនយោបាយដើម្បីបញ្ឈប់ការចូលរួមរបស់ពលរដ្ឋ។ ស្ថានភាពដែលមានលក្ខណៈរឹតត្បិតនេះបានបង្កើតនូវបរិយាកាសភ័យខ្លាច និងការធ្វើទុក្ខបុកម្នេញដែលប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពក្នុងការចូលរួមក្នុងកិច្ចសន្ទនាសំខាន់ៗដើម្បីឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យប្រព្រឹត្តទៅបានល្អប្រសើរ។ ខាងក្រោមគឺជាការគូសបញ្ជាក់សង្ខេបអំពីបញ្ហាសិទ្ធិមនុស្សសំខាន់ៗនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២១។

១. បរិយាកាសនយោបាយ

ឆ្នាំ២០២១ គឺជាព្រឹត្តិការណ៍សំខាន់សម្រាប់កម្ពុជា ព្រោះកម្ពុជាបានប្រារព្ធខួបលើកទី៣០ ឆ្នាំនៃការអនុម័តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស («កិច្ចព្រមព្រៀងប៉ារីស») ដែលជាមូលដ្ឋានបង្កើតឱ្យមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការបញ្ចប់ជម្លោះប្រដាប់អាវុធ និងចលាចលនយោបាយនៅក្នុងប្រទេស។ កិច្ចព្រមព្រៀងនេះគឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ដៃគូពាក់ព័ន្ធជាច្រើនរួមមានប្រទេសកម្ពុជា អង្គការសហប្រជាជាតិ និងបណ្តាប្រទេសចំនួន១៩ ផ្សេងទៀតក្នុងការនាំយកសន្តិភាព និងស្ថិរភាពដល់កម្ពុជា និងផ្តល់មូលដ្ឋានរ៉ឹងមាំសម្រាប់នីតិរដ្ឋដែលសិទ្ធិមនុស្សអាចវិវឌ្ឍន៍ទៅបាន។ ទោះបីជាប្រទេសកម្ពុជាសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងរយៈកាល៣០ឆ្នាំនេះក្នុងនោះរួមទាំងវិបុលភាពផ្នែកសេដ្ឋកិច្ចក្តី ក៏ប្រទេសនេះនៅតែពិបាកក្នុងការសម្រេចបាននូវលទ្ធិប្រជាធិបតេយ្យ ចំណែកឯសិទ្ធិមនុស្សរងការរំលោភបំពានធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលបានពង្រឹងប្រព័ន្ធគ្រប់គ្រងអំណាចយ៉ាងខ្លាំង។

ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះរដ្ឋាភិបាលបានបង្កើនកិច្ចប្រឹងប្រែងខ្លាំងឡើងដើម្បីធ្វើឱ្យថមថយសំឡេងជំទាស់ និងធ្វើទុក្ខបុកម្នេញអ្នកមាននិន្នាការនយោបាយជំទាស់នៅទូទាំងប្រទេសកម្ពុជា។ បន្ទាប់ពីការរម្លាយគណបក្សសង្គ្រោះជាតិដោយតុលាការកំពូលក្នុងឆ្នាំ២០០៧ នាំឱ្យកម្ពុជាក្លាយជារដ្ឋឯកបក្ស ហើយអតីតសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបន្តក្លាយជាកម្មវត្ថុចម្បងនៃការយាយីពីសំណាក់អាជ្ញាធរ។ ការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍ដើម្បីបំភិតបំភ័យ និងយាយីលើអតីតសមាជិកគណបក្សសង្គ្រោះជាតិបានក្លាយជាយុទ្ធសាស្ត្រចម្បងមួយរបស់រដ្ឋាភិបាល។ ឆ្នាំ២០២១ ចាប់ផ្តើមមានការជំនុំជម្រះទ្រង់ទ្រាយធំក្នុងសំណុំរឿងអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួនជាង ១៣៩ នាក់ ទាក់ទងនឹងការចោទប្រកាន់ដែលប្រឌិតឡើងគ្មានមូលដ្ឋានច្បាស់លាស់ចំពោះការរៀបចំផែនការផ្តួលរម្លំរដ្ឋាភិបាលដោយសារពួកគេគាំទ្រចំពោះការវិលត្រឡប់មកកាន់កម្ពុជាមិនបានសម្រេចរបស់លោក សម រង្ស៊ី នៅចុងឆ្នាំ២០១៩។ ផ្អែកតែទៅលើភ័ស្តុតាងដែលបង្ហោះនៅលើបណ្តាញសង្គម តុលាការបានកាត់ទោសអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន ៩ នាក់ ដែលពួកគេទាំងអស់ស្ថិតក្នុងការនីរទេសខ្លួនក្រៅប្រទេសដាក់ពន្ធនាគាររយៈពេល ២០ ឆ្នាំ ដល់ ២៥ ឆ្នាំ និងបានដកហូតសិទ្ធិធ្វើនយោបាយរបស់ពួកគេ ដូចជាសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតជាដើម ចំណែកបុគ្គល ៥ នាក់ផ្សេងទៀតទទួលទោសជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ដល់ ៧ ឆ្នាំ។ នៅទីបំផុតឆ្នាំនេះអាជ្ញាធរផ្នែកអន្តោប្រវេសន៍ប្រចាំរាជធានីបាំងកកនៃប្រទេសថៃបានអនុវត្តតាមសំណើរបស់រដ្ឋាភិបាលកម្ពុជាចាប់បញ្ជូនខ្លួនអតីតសកម្មជន គ.ស.ជ បួននាក់ត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ហើយសកម្មជនទាំងបួននាក់នោះត្រូវបានចាប់ខ្លួននៅពេលមកដល់រាជធានីភ្នំពេញ។ អតីតសកម្មជន គ.ស.ជ ទាំងបួនរូបនេះបានស្នាក់នៅប្រទេសថៃក្នុងឋានៈជាជនភៀសខ្លួនដោយសង្ឃឹមថានឹងទទួលបានសិទ្ធិជ្រកកោន ដោយសារពួកគេរងការផ្តន្ទាទោសផ្នែកនយោបាយនៅកម្ពុជា។

ដោយឡែកសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២២ខាងមុខ មានការលើកឡើងនូវមន្ទិលជាច្រើនជុំវិញសុច្ចរិតភាពនៃដំណើរការបោះឆ្នោត ខណៈមានការបង្ក្រាបឥតឈប់ឈរទៅលើគណបក្សជំទាស់។ ក្នុងខែកញ្ញា ឆ្នាំ២០២១ សមាជិកជាច្រើននាក់នៃគណបក្សបេះដូងជាតិ ជាគណបក្សដែលទើបតែបង្កើតថ្មីបានលើកឡើងថាមានការតាមឃ្លាំមើលខ្លាំងពីសំណាក់អាជ្ញាធរនៅពេលព្យាយាមអនុវត្តសកម្មភាពគណបក្ស ហើយអាជ្ញាធរព្រមទាំងបានហាមឃាត់ និងគំរាមកំហែងពួកគេមិនឱ្យដំឡើងស្លាកគណបក្សនៅមុនការបោះឆ្នោតទៀតផង។ រយៈពេលខ្លីក្រោយមក ក្រសួងមហាផ្ទៃបានបដិសេធការចុះបញ្ជីគណបក្សជាផ្លូវការដោយលើកឡើងថាស្នាមមេដៃនៅលើឯកសារស្នើសុំចុះបញ្ជីគណបក្សមានការបន្លំ និងបានដាក់ពាក្យប្តឹងសមាជិកស្ថាបនិករបស់ គ.ប.ជ ផងដែរ។

២. ការវិវឌ្ឍផ្នែកច្បាប់

ជារឿយៗរដ្ឋាភិបាលតែងតែប្រើប្រាស់ក្របខ័ណ្ឌច្បាប់ដែលមានការរឹតត្បិត ដើម្បីកំហិតសេរីភាពមូលដ្ឋាន និងសិទ្ធិមនុស្សនៅទូទាំងប្រទេស។ ក្នុងឆ្នាំ២០២១ សង្កេតឃើញថាមានការវិវឌ្ឍផ្នែកច្បាប់ដែលគួរឱ្យព្រួយបារម្ភមួយចំនួន ជាពិសេស ការចេញអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ក្នុងខែកុម្ភៈ ឆ្នាំ២០២១។ អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះត្រូវបានអនុម័តដោយពុំមានធាតុចូលពីដៃគូពាក់ព័ន្ធឡើយ ហើយផ្តល់អំណាចដល់រដ្ឋាភិបាល ក្នុងការតាមដានយ៉ាងទូលំទូលាយដោយពុំមានការត្រួតពិនិត្យទៅលើសកម្មភាពនានានៅលើបណ្តាញអ៊ីនធឺណិត និងរាំងខ្ទប់មាតិកាព័ត៌មានទាំងឡាយដែលប៉ះពាល់ដល់ « សន្តិសុខជាតិ ចំណូលជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ» ដែលជាការបំពានទៅលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិ និងឯកជនភាព។ ក្នុងខែមេសា ឆ្នាំ២០២១ បន្ទាប់ពីការផ្ទុះការឆ្លងរាតត្បាតខ្លាំងនូវជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋាភិបាលបានអនុម័តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកាចសាហាវ និងជំងឺគ្រោះថ្នាក់ផ្សេងទៀត («ច្បាប់កូវីដ-១៩») ដែលផ្តល់អំណាចក្រៃពេកដល់អាជ្ញាធរក្នុងការអនុម័តវិធានការនានាដើម្បីការពារសុខភាពសាធារណៈ ដែលស្រដៀងគ្នាទៅនឹងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នផងដែរ។ ច្បាប់កូវីដ-១៩ ផ្តល់អំណាចទូលំទូលាយដល់រដ្ឋាភិបាលក្នុងការសម្រេចតាមឆន្ទានុសិទ្ធិក្នុងការដាក់ចេញ «វិធានរដ្ឋបាល ឬវិធានការនានា» ដើម្បីឆ្លើយតបនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដែលអាចរំលោភលើសិទ្ធិសេរីភាពខាងការបង្កើតសមាគម ការជួបប្រជុំ និងការបញ្ចេញមតិ។ ការណ៍ដែលគួរឱ្យបារម្ភនោះគឺច្បាប់នេះកំណត់ទោសជាប់ពន្ធនាគារដ៏ធ្ងន់ធ្ងរចំពោះការល្មើសច្បាប់នេះរហូតដល់ទៅរយៈពេល១០ឆ្នាំលើបុគ្គល និងរយៈពេល២០ឆ្នាំលើក្រុមដែលមានការចាត់តាំង។

ការបង្កើតច្បាប់មួយចំនួនផ្សេងទៀតនៅឆ្នាំនេះ រួមទាំងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលត្រៀមនឹងចេញផ្សាយសម្រាប់ការគាំទ្រ និងការពិនិត្យជាលើកចុងក្រោយដោយក្រសួងយុត្តិធម៌បន្ទាប់ពីឆ្លងកាត់ការពិគ្រោះយោបល់ដែលមានការចូលរួមពីសង្គមស៊ីវិល ហើយនិងសេចក្តីព្រាងទីមួយនៃច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ និងប្រកាសដែលហាមប្រាមព្រះសង្ឃពីការនិមន្តចូលរួមក្នុងការតវ៉ានានាដែលប៉ះពាល់ដល់ព្រះកិត្តិនាមរបស់ព្រះសង្ឃ។ ជាពិសេស នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ មានការប្រកាសឱ្យអនុវត្តវិសោធនកម្មរដ្ឋធម្មនុញ្ញដែលរារាំងបុគ្គលមានសញ្ញាតិច្រើនក្នុងការកាន់តួនាទីកំពូលៗ ជាការវិវត្តមួយដែលមជ្ឈដ្ឋាននានាមើលឃើញថាជា

ការកំណត់មុខសញ្ញាលើអតីតគណបក្សសង្គ្រោះជាតិ។

៣. សេរីភាពខាងការបញ្ចេញមតិ

និន្នាការនេះបង្ហាញថាលម្ហនៃសេរីភាពខាងការបញ្ចេញមតិកំពុងរួមតូចនៅកម្ពុជា ខណៈដែលរដ្ឋាភិបាលប្រើយុទ្ធវិធីគាបសង្កត់នានា និងដៅមុខសញ្ញាលើការបំបិទសំឡេងជំទាស់នៅឆ្នាំនេះ។

ក. ការបំបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការយាយីលើអ្នកសារព័ត៌មាន

យុទ្ធនាការប្រឆាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មានបានផុរផុលឡើងខ្លាំងក្នុងឆ្នាំ២០១៧ និងបានបន្តកើតឡើងរហូតដល់ឆ្នាំ២០២១ ដោយសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលេខរៀងទី១៤៤ ក្នុងចំណោម១៨០ ប្រទេសសម្រាប់ឆ្នាំ២០២១ ដោយបានធ្លាក់ពិន្ទុ ១២ ថ្នាក់ចាប់តាំងពីឆ្នាំ២០១៧។ ការឆ្លងរាតត្បាតកូវីដ-១៩ កាន់តែបង្កើននូវការដៅមុខសញ្ញាខ្លាំងឡើងថែមទៀតលើអ្នកសារព័ត៌មាន និងអង្គភាពព័ត៌មានឯករាជ្យទាក់ទងនឹងការរាយការណ៍ព័ត៌មានរិះគន់ដែលស្របច្បាប់របស់ពួកគេ។ នៅក្នុងឆ្នាំ ២០២១ នេះ មានការដកហូតអាជ្ញាប័ណ្ណអង្គភាពព័ត៌មានចំនួន ៦ ទាក់ទងនឹងការផ្សាយព័ត៌មានអំពីជំងឺកូវីដ-១៩ ដូចជា សារព័ត៌មាន សាន ព្រហ្ម សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សារព័ត៌មាន K01 ធីវីអនឡាញ សារព័ត៌មានអង្គរធូដេ (Angkor Today) សារព័ត៌មានស្ទឹងច្រាលប៉ុស្តិ៍ និងសារព័ត៌មានយុវជនតេជោ។ ការមិនមានវត្តមានសារព័ត៌មានឯករាជ្យប្រកបដោយគុណភាពខ្ពស់ ព្រមទាំងការបន្តបិទអង្គភាពសារព័ត៌មានឯករាជ្យ បានកាត់បន្ថយការមើលឃើញអំពីបញ្ហាក្នុងសង្គម និងបានកម្រិតលទ្ធភាពរបស់សកម្មជន និងអង្គការសង្គមស៊ីវិលក្នុងការប្រមូលព័ត៌មានដែលអាចផ្ទៀងផ្ទាត់បានសម្រាប់អនុវត្តសកម្មភាពតស៊ូមតិ។

អ្នកសារព័ត៌មានប្រឈមនឹងបញ្ហាជាច្រើនក្នុងការបំពេញវិជ្ជាជីវៈការងាររបស់ពួកគេ ហើយជារឿយៗរងការគំរាមកំហែង ការចាប់ខ្លួន និងការបំបិទសំឡេងតាមរយៈការចោទប្រកាន់ដែលគ្មានមូលដ្ឋានពីបទព្រហ្មទណ្ឌចំពោះការប្រកបវិជ្ជាជីវៈសារព័ត៌មានដែលស្របច្បាប់របស់ពួកគេ។ កាលពីខែមករា ឆ្នាំ២០២១ ស្នងការនគរបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំមួយហាមអ្នកសារព័ត៌មានក្នុងការផ្សាយបន្តផ្ទាល់ ថតវីដេអូ ថតរូប ឬថតសំឡេងនៅដំណាក់កាលនគរបាលធ្វើការស៊ើបអង្កេត ការឃ្លាំមើល ឬ«ភារកិច្ចផ្សេងទៀត» ក្រោមការគំរាមចាត់វិធានការផ្លូវច្បាប់។ ក្នុងខែឧសភា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានចេញលិខិតព្រមានអ្នកសារព័ត៌មានឱ្យជៀសវាងការថតរូប ឬការផ្សាយបន្តផ្ទាល់ពីតំបន់ក្រហមដែលជាតំបន់បិទខ្ទប់ ឬបើមិនដូច្នេះទេត្រូវប្រឈមមុខនឹងច្បាប់។ នៅក្នុងខែតុលា ឆ្នាំ ២០២១ ស្នងការនគរបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំបន្ថែមជាលើកទីពីរ ដោយណែនាំដល់គ្រប់អង្គភាពនគរបាលឱ្យហាមអ្នកសារព័ត៌មានធ្វើការផ្សាយផ្ទាល់ពីសកម្មភាពអនុវត្តច្បាប់។ ក្រៅពីការកំណត់មុខសញ្ញាលើអ្នកសារព័ត៌មានតាមរយៈសេចក្តីណែនាំដែលមានលក្ខណៈចាប់បង្ខំដែលរារាំងដល់ការងារស្របច្បាប់របស់អ្នកសារព័ត៌មានឯករាជ្យ អ្នកសារព័ត៌មានក៏បានទទួលរងការវាយប្រហារលើរាងកាយ ឬការគំរាមចាត់វិធានផ្លូវច្បាប់ដោយភាគីទីបី ការយាយី និងការធ្វើទុក្ខបុកម្នេញតាមតុលាការ និងការគំរាមចាត់វិធានការច្បាប់ផងដែរ។ អាជ្ញាធរបានកំណត់មុខសញ្ញាជាពិសេសលើអ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាដីធ្លីដោយដកហូតយកទូរស័ព្ទដៃ របស់អ្នកសារព័ត៌មាន ឬកាតសម្គាល់ខ្លួនអ្នកសារព័ត៌មានដោយគំរាមចាត់វិធានការច្បាប់ ឬតាមឃ្លាំមើលអ្នកសារព័ត៌មាននៅពេលពួកគេចាកចេញពីទីតាំងជម្លោះ។ យុទ្ធសាស្ត្របំភិតបំភ័យទាំងនេះដែលប្រើប្រាស់ដោយអាជ្ញាធរ រួមផ្សំនឹងការអនុម័តអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិបានបង្កបរិយាកាសភ័យខ្លាចនិងជះឥទ្ធិពលគួរឱ្យបារម្ភដល់ការបញ្ចេញមតិដោយសេរីខាងសារព័ត៌មាន។

ខ. ការបញ្ចេញមតិនៅលើប្រព័ន្ធអ៊ីនធឺណិត

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ចំនួនប្រជាពលរដ្ឋដែលរងការគំរាម ការយាយី និងព្រមទាំងទទួលការផ្តន្ទាទោសចំពោះសកម្មភាពរបស់ពួកគេនៅលើប្រព័ន្ធអ៊ីនធឺណិតមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយអង្គការឃ្លាំមើលសេរីភាពពិភពលោក (Freedom House) បានបង្ហាញពិន្ទុរបស់កម្ពុជាក្នុងសន្ទស្សន៍នៃសេរីភាពប្រព័ន្ធអ៊ីនធឺណិតនៅលេខរៀងទី៤៣ ក្នុងចំណោមចំនួន១០០ប្រទេសក្នុងឆ្នាំ២០២១។ ការបង្ក្រាបលើសកម្មភាពនៅលើប្រព័ន្ធអ៊ីនធឺណិតបានកើនឡើងក្នុងឆ្នាំ២០២១ បន្ទាប់ពីក្រសួងព័ត៌មានចេញប្រកាសពង្រីកវិសាលភាពក្នុងការត្រួតពិនិត្យនៅលើបណ្តាញផ្សព្វផ្សាយសង្គមក្នុងនោះរួមទាំងបណ្តាញទិកតុក Tik-Tok ព្រមទាំងបណ្តាញមិនបើកចំហមួយចំនួនទៀតផងដែរ ដូចជា WhatsApp, Messenger និងTelegram។ មានការអនុវត្តដូចប្រកាសនោះពិតមែន ដោយលោក ផល ច័ន្ទភក្តី សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យត្រូវបានចោទប្រកាន់ និងដាក់ឱ្យស្ថិត ក្រោមការត្រួតពិនិត្យរបស់នគរបាលដោយសារផ្ញើសារសំឡេងតាម Telegram ដែលក្នុងសារនោះលោកបានរិះគន់ រដ្ឋាភិបាលចំពោះការចាប់ខ្លួនបុគ្គលមួយចំនួនដែលបង្ហាញទស្សនៈរបស់ពួកគេអំពីជំងឺកូវីដ-១៩។

ការលុបបំបាត់ស្ទើរតែទាំងស្រុងចំពោះការបញ្ចេញមតិនៅលើបណ្តាញអ៊ីនធឺណិតទាក់ទងនឹងជំងឺកូវីដ-១៩ គឺជាគោលដៅស្នូលរបស់រដ្ឋាភិបាលនៅក្នុងឆ្នាំ២០២១។ បុគ្គលជាច្រើនរូបត្រូវបានចាប់ខ្លួនដោយសារពិភាក្សាអំពីបញ្ហារសើបនៅលើប្រព័ន្ធអ៊ីនធឺណិតទាក់ទងនឹងជំងឺកូវីដ-១៩ រួមមាន លោក ធន់ ចន្ថា លោក ម៉ី សុផុន និងលោក ថន គឹមសាន ដែលបុរសទាំងបីនាក់នេះគឺជាសមាជិកនៃគណបក្សសង្គ្រោះជាតិដោយសារការរិះគន់អំពីវ៉ាក់សាំងចិនស៊ីណូហ្វាម Sinopharm នៅលើបណ្តាញហ្វេសប៊ុក និងលោក ចៃ ឈីង ដែលបានបង្ហោះសារនៅលើគណនីហ្វេសប៊ុកលើកឡើងថានគរបាលខេត្តបាត់ដំបងចាប់ផាកពិន័យអ្នកជិះម៉ូតូអត់ពាក់ម៉ាស់។ ការអនុម័តច្បាប់កូវីដ-១៩ដ៏ចម្រូងចម្រាសនេះបានផ្តល់មូលដ្ឋានបន្ថែមទៀតដល់រដ្ឋាភិបាលក្នុងការបង្ក្រាបការបញ្ចេញមតិលើបណ្តាញអ៊ីនធឺណិតទាក់ទងនឹងជំងឺកូវីដ-១៩ ដោយមានការចាប់ខ្លួន និងចោទប្រកាន់បុគ្គលជាច្រើននាក់ចំពោះការបញ្ចេញមតិរបស់ពួកគេនៅលើអ៊ីនធឺណិតទាក់ទងនឹងជំងឺកូវីដ-១៩។ ឧទាហរណ៍ មានបុគ្គលបីនាក់ត្រូវបានចាប់ខ្លួនដោយសារការបញ្ចេញមតិនៅលើបណ្តាញសង្គម TikTok អំពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា និងមានការចាប់ខ្លួនជាងកាត់កញ្ចក់ម្នាក់ឈ្មោះ នូវ ខ្លឹម ដោយសាររិះគន់លើការដាក់ចេញវិធានការតឹងរ៉ឹងក្នុងអំឡុងពេលនៃការផ្ទុះការឆ្លងជំងឺកូវីដ-១៩ខ្លាំងនៅកម្ពុជា។ បុគ្គលទាំងបួននាក់នេះត្រូវបានចោទប្រកាន់តាមមាត្រា ១១ នៃច្បាប់កូវីដ-១៩ ពីបទ «រារាំងដល់ការអនុវត្តវិធានការ»។ យុទ្ធវិធីបំភិតបំភ័យទាំងនេះបានបង្កឱ្យមានវប្បធម៌ភ័យខ្លាចខ្លាំង និងបានជំរុញឱ្យមានការចាប់ពិរុទ្ធខ្លួនឯងក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។

ក្នុងឆ្នាំ២០២១ ក៏សង្កេតឃើញមានការប្រើយុទ្ធវិធីបំភិតបំភ័យដ៏គួរឱ្យព្រួយបារម្ភតាមរយៈការកំណត់គោលដៅលើការបញ្ចេញមតិនៅលើប្រព័ន្ធអ៊ីនធឺណិតផងដែរ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីបានថ្លែងសុន្ទរកថាជាសាធារណៈគំរាមដល់អាយុជីវិតលោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយដែលកំពុងនិរទេសខ្លួនក្រៅប្រទេសចំពោះការបង្ហោះមតិយោបល់នៅលើបណ្តាញហ្វេសប៊ុកនៅក្នុងខែកក្កដា ឆ្នាំ២០២១ ដែលក្នុងសំណេរនោះលោកបណ្ឌិត សេង សារី បានលើកឡើងអំពីលក្ខខណ្ឌ ៦ ចំណុចជាមូលដ្ឋានសម្រាប់ការបង្កើតរដ្ឋាភិបាលក្រៅប្រទេស។ ក្រោយមកលោកបណ្ឌិត សារី ត្រូវបានចោទប្រកាន់ពីបទញុះញង់តាមក្រមព្រហ្មទណ្ឌ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកលោកនាយករដ្ឋមន្រី្តបានប្តូរគំនិតវិញ បន្ទាប់ពីបានដឹងថានោះគ្រាន់តែជាការវិភាគតាមការយល់ឃើញបែបសេណារីយ៉ូ និងបានអំពាវនាវឱ្យតុលាការបញ្ឈប់ដំណើរការនីតិវិធីព្រហ្មទណ្ឌទាំងអស់លើលោកបណ្ឌិត សេង សារី។

៤. សេរីភាពខាងការបង្កើតសមាគម

រដ្ឋាភិបាលបានបង្កើនការរឹតបន្តឹងសេរីភាពក្នុងការបង្កើតសមាគមក្នុងឆ្នាំ២០២១។ ជាពិសេស អង្គការសង្គមស៊ីវិល សមាជិក ឬថ្នាក់ដឹកនាំសហជីព និងបុគ្គលដែលមានទំនាក់ទំនងជាមួយ (ឬជឿថាមានទំនាក់ទំនងជាមួយ) គណបក្សសង្គ្រោះជាតិ ជារឿយៗតែងតែរងការដៅមុខសញ្ញា ការឃ្លាំមើល ការរារាំង និងការយាយីតាមប្រព័ន្ធតុលាការដោយសារការអនុវត្តសេរីភាពខាងការបង្កើតសមាគមរបស់ពួកគេ។ សកម្មជនគណបក្សជំទាស់ ជាពិសេសអតីតសមាជិកគណបក្សសង្គ្រោះជាតិនៅតែជាក្រុមដែលត្រូវបានគេដៅមុខសញ្ញាខ្លាំងជាងគេនៅកម្ពុជា។ ឧទាហរណ៍ រដ្ឋាភិបាលបដិសេធការចុះបញ្ជីគណបក្សបេះដូងជាតិជាគណបក្សនយោបាយផ្អែកលើការសម្រេចបែបអត្តនោម័តិ (សូមមើលផ្នែក១ បរិយាកាសនយោបាយ)។ នេះមិនរាប់បញ្ចូលការជំនុំជម្រះទ្រង់ទ្រាយធំក្នុងសំណុំរឿងដែលមានភាពមន្ទិលលើអតីតសមាជិកគណបក្សសង្គ្រោះជាតិ តុលាការកំពូលបានបដិសេធការស្តារនីតិសម្ប ទានយោបាយដល់លោក ជូង ជូងី និងលោក ញឹម គឹមញ៉ុល ក្រោមហេតុផលថាលោក ជូង ជូងី បានរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោតក្នុងឆ្នាំ២០១៨ និងថា លោក ញឹម គឹមញ៉ុល បានគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជាក្នុងឆ្នាំ២០១៩។ ការមិនអត់ឱនចំពោះគណបក្សសង្គ្រោះជាតិបង្ហាញកាន់តែច្បាស់ឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២១ នៅពេលដែលលោកនាយករដ្ឋមន្ត្រីបានជ្រៀតចូលទៅក្នុងកិច្ចប្រជុំជាលក្ខណៈឯកជនតាមប្រព័ន្ធហ្សូម Zoom រៀបចំឡើងដោយអតីតសមាជិកគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនឯក្រៅប្រទេស។ លោកនាយករដ្ឋមន្ត្រីបានព្រមានអ្នកចូលរួមពីការត្រួតពិនិត្យលើបណ្តាញទំនាក់ទំនងរបស់ពួកគេនិងបានអះអាងថាលោកធ្លាប់បានចូលស្តាប់ការសន្ទនាតាមប្រព័ន្ធហ្សូម Zoom របស់ពួកគេប្រហែល២០លើកមកហើយ។

បន្ថែមលើការបៀតបៀនដោយគ្មានការអត់ឱនលើអតីតគណបក្សសង្រ្គោះជាតិ អតីតអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិនៅតែបន្តរងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណទោះក្នុងជីវភាពធម្មតា ឬមិនបង្កហេតុណាមួយក្តី។ ករណីគួរឱ្យតក់ស្លុតចំនួនពីរ គឺទីមួយករណី កុមារា កាក់ សុវណ្ណឆៃ អាយុ ១៦ឆ្នាំ ត្រូវជាកូនប្រុសរបស់អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលជាប់ពន្ធនាគាររងការវាយប្រហារដោយដុំឥដ្ឋចំក្បាល បណ្តាលឱ្យបាក់ឆ្អឹងលលាដ៍ និងករណីទីពីរគឺលោក ស៊ិន ខុន អតីតសមាជិកក្រុមយុវជនគណបក្សសង្គ្រោះជាតិដែលត្រូវជនមិនស្គាល់អត្តសញ្ញាណវាយប្រហារដោយដំបងដែកនៅផ្សារមួយបណ្តាលឱ្យរបួសក្បាលធ្ងន់ធ្ងរ។ រឿងដែលគួរឱ្យរន្ធត់នោះគឺ លោក ស៊ិន ខុន ត្រូវបានឃាតករមិនស្គាល់អត្តសញ្ញាណមួយក្រុម ចាក់សម្លាប់ដោយកំាបិតស្នៀត និងកូនកាំបិតយ៉ាងព្រៃផ្សៃកាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅទីសាធារណៈក្បែរវត្តចាស់ក្នុងរាជធានីភ្នំពេញ។

 ពុំមែនមានតែករណីអតីតសមាជិកគណបក្សសង្គ្រោះជាតិប៉ុណ្ណោះទេដែលជាគោលដៅនៃការវាយប្រហារពីភាគីទី៣។ នៅក្នុងខែកញ្ញា ឆ្នាំ២០២១ កញ្ញា ទូច ស្រីនិច សកម្មជនខ្មែរថាវរៈ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណចំនួន៤នាក់ជិះម៉ូតូបំបុកម៉ូតូរបស់នាងខណៈនាងកំពុងជិះម៉ូតូតាមដងផ្លូវ។ នាងលើកឡើងថានៅរយៈពេលប៉ុន្មានថ្ងៃនៅមុនការវាយប្រហារនេះមានមនុស្សតាមឃ្លាំមើលនាង។ ការវាយប្រហារលើរាងកាយនេះប្រព្រឹត្តឡើងដោយនិទណ្ឌភាព។

នៅក្នុងឆ្នាំ២០២១ ក៏សង្កេតឃើញរដ្ឋាភិបាលបានបន្តឃ្លាំមើល និងរារាំងការងាររបស់អង្គការសង្គមស៊ីវិលផងដែរ ជាពិសេសនៅពេលមានការជួបជុំទាក់ទងនឹងជំងឺកូវីដ-១៩ ឬបញ្ហាបរិស្ថាន។ ឧទាហរណ៍ដូចជាការចាត់វិធានការច្បាប់លើបុគ្គលិកអង្គការសង្គមស៊ីវិល ការឃ្លាំមើលសកម្មភាពអង្គការសង្គមស៊ីវិល ការរារាំង និងការប៉ុនប៉ងបញ្ឈប់សកម្មភាពអង្គការសង្គមស៊ីវិល ការធ្វើទុក្ខបុកម្នេញ និងការយាយីជាច្រើនលើបុគ្គលិកអង្គការសង្គមស៊ីវិល និងការគំរាមចាត់វិធានការផ្លូវច្បាប់។ ជាពិសេស ក្រុមយុវជនជាបុគ្គលិកសមាគមស្រ្តីដើម្បីសង្គម ដែលត្រូវបានសមត្ថកិច្ចឃុំខ្លួនរយៈពេលខ្លីដោយសារចុះប្រមូលស្នាមមេដៃប្រជាពលរដ្ឋដើម្បីដាក់ញត្តិស្នើរដ្ឋាភិបាលផ្តល់ជំនួយជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងអំឡុងពេលបិទខ្ទប់ និងការចាប់ខ្លួនសមាជិកនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ម្នាក់ដោយសារប្រមូលឈ្មោះសមាជិកដែលមានតម្រូវការស្បៀងផ្គត់ផ្គង់ជីវភាពក្នុងអំឡុងពេលវិបត្តិកូវីដ-១៩។ ជាពិសេស រដ្ឋាភិបាលបានបង្កើនការដៅមុខសញ្ញាកាន់តែខ្លាំងឡើងលើក្រុមអង្គការមាតាធម្មជាតិ ព្រមទាំងបានចាប់ខ្លួនដាក់ពន្ធនាគារសមាជិកអង្គការមាតាធម្មជាតិចំនួន៣នាក់បន្ថែមទៀត រួមមានលោក ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ និងលោក យឹម លាងហ៊ី ដោយចោទប្រកាន់ពួកគេពីបទរៀបចំផែនការផ្តួលរម្លំរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ និងចោទថាពួកគេធ្វើសកម្មភាពឱ្យអង្គការក្រោមជំនួយ«មូលនិធិភេវរកម្ម»។ មួយខែក្រោយ មកមានការដាក់ពន្ធនាគារសកម្មជនអង្គការមាតាធម្មជាតិក្នុងខែកញ្ញាឆ្នាំ២០២០ ដោយមានការចោទប្រកាន់បន្ថែមពីបទរួមគំនិតក្បត់ និងបទប្រមាថព្រះមហាក្សត្រ។

ដោយឡែកពីនេះ ការបង្ហាញតួលេខ៦៧%ក្នុងអង្កេតថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល/សហជីពដោយគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានគឺជារឿងមិនចម្លែកទេ ដែលលើកឡើងនូវការតាមដាន ឬការឃ្លាំមើលសកម្មភាពអង្គការរបស់ពួកគេកាលពីឆ្នាំមុនថាជាសកម្មភាពរឹតត្បិត ឬជាការរារាំងសកម្មភាពរបស់ពួកគេហួសហេតុនោះ។

៥. សេរីភាពខាងការជួបប្រជុំ

នៅក្នុងឆ្នាំ២០២១ សង្កេតឃើញថាមានបម្រែបម្រួលក្នុងការអនុវត្តសេរីភាពខាងការជួបប្រជុំដោយសន្តិវិធីរបស់សាធារណជន ជាពិសេសក្នុងពេលផ្ទុះឡើងខ្លាំងនូវជំងឺកូវីដ-១៩នៅក្នុងប្រទេស ដែលនាំឱ្យមានការបិទខ្ទប់ ការរារាំង និងការមិនលើកទឹកចិត្តដល់បុគ្គល និងក្រុមនានាក្នុងការជួបប្រជុំដោយសន្តិវិធី។ ការជួបប្រជុំដោយសន្តិវិធីភាគច្រើនក្នុងឆ្នាំ២០២១ ផ្តោតលើបញ្ហាសំខាន់ៗចំនួនបី គឺការដោះលែងអ្នកទោសមនសិការ ជាពិសេសអតីតសមាជិកគណបក្សសង្គ្រោះជាតិ បញ្ហាដីធ្លី និងបញ្ហាទាក់ទងនឹងជំងឺកូវីដ-១៩ ឬវិធានការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការឆ្លងរាតត្បាត។

នៅពេលការបិទខ្ទប់ខ្លាំងក្នុងអំឡុងពេលការឆ្លងរាតត្បាតជំងឺកូវីដ-១៩ មានការហាមប្រាមបុគ្គលនានាដែលរស់នៅក្នុង «តំបន់ក្រហម» ជាតំបន់ឆ្លងកូវីដ-១៩ មិនឱ្យចាកចេញពីផ្ទះសម្បែង និងមានការកំណត់ទីតាំងសម្រាប់ស្នើសុំជំនួយម្ហូបអាហារនិងសេដ្ឋកិច្ចក្នុងអំឡុងពេលបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដែលរារាំងប្រជាពលរដ្ឋពីការរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាព។ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារការឆ្លងរាតត្បាតនេះក៏បណ្តាលឱ្យរោងចក្រជាច្រើនបិទទ្វារ ឬក៏ព្យួរប្រតិបត្តិការផងដែរ ដែលនាំឱ្យកម្មករនិយោជិតក្នុងវិស័យកាត់ដេរជាច្រើនប្រមូលផ្តុំគ្នាដោយសន្តិវិធីដើម្បីទាមទារប្រាក់ឈ្នួលដែលនិយោជកខកខានមិនបានបើកឱ្យឬតវ៉ានឹងការបញ្ឈប់កម្មករពីការងារ។ ស្របពេលដែលការប្រមូលផ្តុំជាច្រើនត្រូវបានអាជ្ញាធររារាំង ករណីឧទាហរណ៍មួយទៀតដែលអាជ្ញាធរប្រើប្រាស់កូវីដ-១៩ ដើម្បីរារាំងការជួបប្រជុំដោយអត្តនោម័តិក្នុងហេតុផលថាដើម្បីការពារសុខភាពសាធារណៈ ដោយសារមានការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ អាជ្ញាធរបានបង្គាប់ឱ្យអ្នកតវ៉ាជាច្រើននាក់បំបែកការជួបជុំនៅពេលពួកគេព្យាយាមដាក់ញត្តិទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទោះបីជាការជួបប្រជុំនានាត្រូវបានអនុញ្ញាតនៅក្នុងរាជធានីភ្នំពេញនាពេលនោះក៏ដោយ។

មានការតស៊ូស្វិតស្វាញដើម្បីទាមទារសិទ្ធិដីធ្លីនៅក្នុងឆ្នាំ២០២១ ដោយប្រជាពលរដ្ឋជាច្រើនរយនាក់ប្រមូលផ្តុំគ្នាតវ៉ាជំទាស់នឹងការបណ្តេញចេញដោយបង្ខំ និងទាមទារសំណងសមរម្យចំពោះការបាត់បង់ដីធ្លី និងមុខរបរចិញ្ចឹមជីវិតរបស់ពួកគាត់។ ទោះបីជាការជួបប្រជុំទាំងនេះប្រព្រឹត្តទៅដោយពុំមានការរារាំងពីសំណាក់អាជ្ញាធរក្តី ប៉ុន្តែនៅពេលដែលការតវ៉ាអូសបន្លាយពេលយូរ ឬអ្នកភូមិព្យាយាមបញ្ឈប់អាជ្ញាធរពីការទន្ទ្រានយកដីធ្លី ឬការប្រើគ្រឿងចក្រឈូសឆាយដីធ្លីរបស់ពួកគាត់ អាជ្ញាធរបានរារាំងការជួបប្រជុំទាំងនោះ។ ករណីឧទាហរណ៍ចំនួនពីរដែលអាជ្ញាធរបានប្រើច្បាប់ជាវុធប្រឆាំងលើអ្នកភូមិដើម្បីបង្ខិតបង្ខំឱ្យពួកគាត់បញ្ឈប់ការតវ៉ា និងទទួលយកសំណងសម្រាប់ដីរបស់ពួកគាត់។ នៅក្នុងខេត្តស្វាយរៀង តំណាងសហគមន៍ពីរនាក់ត្រូវបានចាប់ខ្លួន ហើយក្រោយមកត្រូវបានពិន័យក្រោមច្បាប់កូវីដ-១៩ ដោយសារបន្តការតវ៉ាដែលនាំឱ្យអ្នកភូមិជាច្រើននាក់ទទួលយកនូវការផ្តល់សំណងក្នុងតម្លៃទាប និងបានបញ្ឈប់ការតវ៉ារបស់ពួកគេដោយបារម្ភថាពួកគាត់អាចនឹងត្រូវចាប់ខ្លួន។ មានករណីស្រដៀងគ្នានេះជាច្រើនផ្សេងទៀតបានកើតឡើងនៅខេត្តកណ្តាលគឺនៅទីតាំងគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីដែលអាជ្ញាធរបានចាប់ខ្លួនអ្នកភូមិដែលធ្វើការតវ៉ាចំនួនប្រមាណ៣០ នាក់ និងចោទប្រកាន់ពួកគាត់៩នាក់ពីបទញុះញង់ តែក្រោយមកដោះលែងឱ្យនៅក្រៅឃុំ និងដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យតាមផ្លូវតុលាការបន្ទាប់ពីពួកគាត់ត្រូវបានបង្ខំឱ្យចុះកិច្ចសន្យាបញ្ឈប់ការតវ៉ាជាថ្មីម្តងទៀត។

ក្រុមស្ត្រីថ្ងៃសុក្រ គឺជាសមាជិកគ្រួសាររបស់សកម្មជននយោបាយនៃគណបក្សសង្គ្រោះជាតិដែលស្ថិតក្នុងការឃុំខ្លួនដែលប្រមូលផ្តុំគ្នាជាញឹកញាប់ដើម្បីស្នើឱ្យមានការដោះលែងសមាជិកគ្រួសាររបស់ពួកគាត់ពីពន្ធនាគារបានពើបប្រទះនឹងអំពើហិង្សាពីសំណាក់កម្លាំងសន្តិសុខរបស់រដ្ឋាភិបាលក្នុងអំឡុងការជួបប្រជុំគ្នាដោយសន្តិវិធីទាំងនោះ។ អាជ្ញាធរបានចាត់ទុកការតវ៉ារបស់ក្រុមស្ត្រីថ្ងៃសុក្រថាជាបញ្ហាមួយសម្រាប់ក្រុមរបស់ខ្លួន និងបានដាក់កម្លាំងនគរបាល និងបង្ក្រាបស្ទើតែរាល់ការជួបប្រជុំរបស់ក្រុមស្ត្រីទាំងនោះ។ ប្រភេទនៃអំពើហិង្សាប្រព្រឹត្តទៅលើក្រុមស្ត្រីថ្ងៃសុក្រមានដូចជាការរុញឱ្យដួល ការចាប់ទាញ និងទាត់ធាក់ និងមានករណីហិង្សាធ្ងន់ធ្ងរមួយគឺការបាញ់អាកុលដាក់មុខក្រុមស្ត្រីទាំងនោះ។ ការតវ៉ាជំទាស់នឹងការបណ្តេញចេញដោយបង្ខំក៏ប្រឈមនឹងការបង្ក្រាបដ៏ខ្លាំងក្លាផងដែរនៅឆ្នាំនេះ មានករណីបង្ក្រាបយ៉ាងឃោរឃៅមួយក្នុងខែមិថុនា ឆ្នាំ២០២១ ដោយទាហានប្រមាណ៥០នាក់បានបាញ់គ្រាប់ពិតលើកសិករដែលធ្វើការតវ៉ានឹងការទន្ទ្រានយកដីរដ្ឋរបស់ក្រសួងការពារជាតិជាដីដែលប្រជាពលរដ្ឋបានធ្វើដំណាំជាច្រើនទសវត្សរ៍មកហើយ។ ទោះបីជាទាហានបាញ់តម្រង់លើជើងរបស់អ្នកតវ៉ាក្តី ក៏មានបុរសម្នាក់រងរបួសដោយគ្រាប់កាំភ្លើងចំស្មាយ៉ាងធ្ងន់ធ្ងរ។

ដោយសារតែបញ្ហាទាំងនេះ មិនចម្លែកទេដែលកំណត់ត្រាស្ទង់មតិក្នុងឆ្នាំ២០២១ នៃគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក បង្ហាញថា មានថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពតែ ៣៥% ប៉ុណ្ណោះ ជាភាគរយទាបបំផុតចាប់តាំងពីការចាប់ផ្តើមអនុវត្តគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន ដែលយល់ឃើញថា «សេរីភាពខ្លាំង» ឬ «ពេលខ្លះមានសេរីភាព» ក្នុងការជួបប្រជុំដោយសន្តិវិធី។

៥.សិទ្ធិផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ច

ក. សិទ្ធិដីធ្លី

ទោះបីជាគោលការណ៍ណែនាំអង្គការសហប្រជាជាតិហាមប្រាមការបណ្តេញចេញដោយបង្ខំក្នុងអំឡុងពេលកូវីដ-១៩ ក្តី មានការកត់ត្រាករណីបណ្តេញចេញដោយបង្ខំជាច្រើននៅទូទាំងប្រទេសកម្ពុជាដើម្បីបើកផ្លូវសម្រាប់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជន។ មានការបណ្តេញចេញប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារក្នុងឆ្នាំ២០២១ ដោយរងផលប៉ះពាល់ដីធ្លីជាច្រើនពាន់ហិកតា។ នៅដើមឆ្នាំ២០២១ ប្រទេសកម្ពុជាឆ្លងកាត់រលកនៃការឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ដោយមានករណីឆ្លងផ្ទុះឡើងខ្លាំង និងនៅពេលដែលមានករណីស្លាប់ដោយសារកូវីដ-១៩លើកទីមួយនៅកម្ពុជា។ ព្រឹត្តិការណ៍ទាំងនេះនាំឱ្យរដ្ឋាភិបាលធ្វើការរឹតត្បិតលើប្រជាពលរដ្ឋទូទៅក្នុងនោះរួមទាំងការតម្រូវឱ្យធ្វើចត្តាឡីស័ក ការបិទខ្ទប់ និងដាក់បំរាមគោចរដែលវិធានការទាំងនេះតម្រូវឱ្យមានការកំណត់ទីកន្លែងស្នាក់នៅឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពរបស់សហគមន៍។ ទោះបីជាស្ថានភាពនៃជំងឺកូវីដ-១៩ មានសភាពធ្ងន់ធ្ងរយ៉ាងណាក្តី ក៏ការបណ្តេញចេញដោយបង្ខំនៅតែស្ថិតក្នុងអត្រាខ្ពស់ដដែល ហើយមានការប្រើកងកម្លាំងអាវុធហត្ថដើម្បីប្រើអំពើហិង្សា ដូចជាការបាញ់លើកសិករ ការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែងពីសំណាក់អាជ្ញាធររដ្ឋទៅលើអ្នកដែលត្រូវបណ្តេញចេញ ការរុះរើផ្ទះ និងការឈូសឆាយដីធ្លីដោយពុំមានការជូនដំណឹងជាមុនពីសំណាក់នគរបាល ឬក្រុមហ៊ុនឯកជន ព្រមទាំងការយាយីផ្នែកតុលាការលើប្រជាពលរដ្ឋដែលត្រូវបណ្តេញចេញដោយសារការតវ៉ាជំទាស់នឹងការបណ្តេញចេញ និងការទាមទារសំណងសមរម្យ។

ជាពិសេសករណីបណ្តេញចេញយ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំ២០២១ បានប៉ះពាល់ដល់កសិករព្រមទាំងក្រុមសង្កេតការណ៍មួយចំនួន ក្នុងនោះរួមទាំងប្រជាពលរដ្ឋជនជាតិដើមភាគតិច ជនជាតិភាគតិចវៀតណាម និងសហគមន៍ចាមមូស្លីមជាដើម។ ក្នុងខែមិថុនា ឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញបានធ្វើការបណ្តេញចេញទ្រង់ទ្រាយធំនូវប្រជាពលរដ្ឋប្រមាណជាង១០០០គ្រួសារ ដែលរស់នៅលើផ្ទះបណ្តែតទឹកនៅតាមដងទន្លេសាប ដែលភាគច្រើនគឺជាជនជាតិវៀតណាមភាគតិច ឬមូស្លីមដោយពុំមានការផ្តល់សំណង ឬលំនៅដ្ឋានថ្មី។ ក្រុមជនជាតិដើមភាគតិចពូនងក៏ប្រឈមនឹងការបណ្តេញចេញដោយបង្ខំផងដែរ ហើយការបាត់បង់ដីសហគមន៍ជាច្រើនលើកច្រើនសារប៉ះពាល់ខ្លាំងដល់អត្តសញ្ញាណនិងប្រពៃណីវប្បធម៌របស់ពួកគេ។ អាជ្ញាធរក្នុងខេត្តមណ្ឌលគិរីបានបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនងប្រមាណជាង១០០០គ្រួសារដែលអះអាងថាពួកគេបានរស់នៅលើដីរដ្ឋទោះបីជាពួកគាត់បានរស់នៅជាច្រើនជំនាន់មកហើយក្តី និងមានគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍របស់ពួកគាត់ទំហំ៥៣ហិកតា។ លទ្ធផលនៃការបណ្តេញចេញដោយបង្ខំទាំងនេះជារឿយៗបង្កផលប៉ះពាល់រយៈពេលច្រើនឆ្នាំដែលពុំអាចប៉ះប៉ូវវិញបានបន្ទាប់ពីករណីទាំងនេះកើតឡើង។

ក្នុងករណីដីធ្លីនៅកម្ពុជាក្នុងឆ្នាំ២០២១ ក៏សង្កេតឃើញមានការដៅមុខសញ្ញាលើអ្នកការពារសិទ្ធិដីធ្លី និងការចោទប្រកាន់នានាជុំវិញការបំផ្លាញព្រៃឈើទ្រង់ទ្រាយធំ និងការកាប់ឈើខុសច្បាប់ផងដែរ។ ក្រុមបរិស្ថានដូចជាសមាគមបណ្តាញយុវជនកម្ពុជា និងសហគមន៍ជនជាតិដើមភាគតិចគួយបានបន្តលើកឡើងពីក្តីព្រួយបារម្ភទាក់ទងនឹងការបំផ្លាញព្រៃឈើ បន្ទាប់ពីពួកគេបានប្រមូលករណីនៃការកាប់ឈើខុសច្បាប់ចំនួនជិត៣០០ករណីក្នុងតំបន់អភិរក្សសត្វព្រៃព្រះរការយៈពេលជាងពីរខែក្នុងអំឡុងពេលការឆ្លងរាតត្បាតខ្លាំងនូវជំងឺកូវីដ-១៩នៅកម្ពុជា។ ក្រោយមកក្នុងឆ្នាំនេះបណ្តាញសហគមន៍ព្រៃឡង់បានចងក្រងករណីបទល្មើសព្រៃឈើដោយនិទណ្ឌភាពជាច្រើនករណី។ ដោយសារភាពសកម្មរបស់ពួកគេ អ្នកការពារសិទ្ធិដីធ្លីជាច្រើននាក់ត្រូវបានគេដៅមុខសញ្ញា ឬការយាយីតាមផ្លូវតុលាការ។ សមាជិកបណ្តាញសហគមន៍ព្រៃឡង់ជាច្រើននាក់ត្រូវបានបង្ខិតបង្ខំឱ្យចុះហត្ថលេខាសន្យាបញ្ឈប់សកម្មភាពឃ្លាំមើលព្រៃរបស់ពួកគេ ចំណែកសកម្មជនដទៃទៀតដូចជា លោក អ៊ូច ឡេង សកម្មជនបរិស្ថានដ៏លេចធ្លោត្រូវបានចាប់ និងឃុំខ្លួនដោយសារការចុះប្រមូលករណីកាប់បំផ្លាញព្រៃក្នុងតំបន់អភិរក្ស ហើយក្រោយមកអាជ្ញាធរបានដោះលែងពួកគាត់វិញបន្ទាប់ពីចុះកិច្ចសន្យាបញ្ឈប់ចូលទៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់។

ខ. សិទ្ធិរបស់កម្មករនិយោជិត

ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើវិស័យការងារនៅកម្ពុជា។ នៅក្នុងឆ្នាំ២០២១ សង្កេតឃើញកម្មករនិយោជិតជាច្រើនរយនាក់តវ៉ានឹងនិយោជករបស់ពួកគេដើម្បីទាមទារបើកប្រាក់ឈ្នួលដែលនិយោជកមិនបានបើក ឬ ប្រាក់បំណាច់ផ្តាច់កិច្ចសន្យាការងារដោយសារតែការបិទរោងចក្រ ឬព្យួរប្រតិបត្តិការដោយសារការធ្លាក់ចុះហិរញ្ញវត្ថុបង្កឡើងដោយជំងឺកូវីដ-១៩។ កម្មករនិយោជិតក្នុងវិស័យកាត់ដេររងផលប៉ះពាល់យ៉ាងខ្លាំងពីការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំដោយសារតែការធ្លាក់ចុះតម្រូវការសម្លៀកបំពាក់ ឬរោងចក្របិទទ្វារទាំងស្រុងដែលជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនដែលភាគច្រើនជាស្ត្រីធ្លាក់ក្នុងភាពក្រីក្រ និងត្រដររស់ក្នុងជីវភាពលំបាកលំបិន។ ទោះបីជារដ្ឋាភិបាលបានប្រឹងប្រែងជួយកម្មករកាត់ដេរក្នុងឆ្នាំ២០២១ គួរឱ្យកត់សម្គាល់ តែជំនួយនោះអាចផ្គត់ផ្គង់ជីវភាពបានតែមួយគ្រាប៉ុណ្ណោះ។

ស្របពេលនឹងការឆ្លងរាតត្បាត សិទ្ធិការងារ និងសហជីពកាន់តែមានសភាពដុនដាបទៅផងដែរ។ ក្នុងខែឧសភា ក្រុមហ៊ុនណាហ្កាវើលដ៍បានបញ្ចប់កិច្ចសន្យាការងារបុគ្គលិកប្រមាណចំនួន១៣២៩ នាក់ ភាគច្រើនជាកម្មករនិយោជិត ហើយក្នុងចំណោមនោះមានថ្នាក់ដឹកនាំសហជីពចំនួន៣នាក់ផងដែរ។ មជ្ឈដ្ឋានជាច្រើនមើលឃើញថាការបញ្ចប់កិច្ចសន្យាទាំងនេះគឺជាការប៉ុនប៉ងរម្លាយសហជីពនៅក្នុងក្រុមហ៊ុន។ សមាជិកសហជីពបានព្យាយាមធ្វើការតស៊ូមតិជំទាស់នឹងការកាត់បន្ថយបុគ្គលិក ក្នុងនោះក៏មានការចូលរួមការចរចាត្រីភាគីផងដែរ ប៉ុន្តែមិនទទួលបានលទ្ធផល។ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ថ្នាក់ដឹកនាំសហជីពបានរៀបចំកូដកម្មទ្រង់ទ្រាយធំដែលមានការចូលរួមពី បុគ្គលិក និងអតីតបុគ្គលិកណាហ្កាវើលដ៍ចំនួនជាង១០០០នាក់ ដើម្បីទាមទារសំណងសមរម្យចំពោះការបញ្ឈប់ពួកគេពីការងារ និងទាមទារឱ្យក្រុមហ៊ុនទទួលបុគ្គលិកចំនួន៣៦៥ នាក់ ចូលបម្រើការងារវិញ។ កូដកម្មនោះបន្តមករហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយពុំទទួលបានដំណោះស្រាយ ដោយកូដកររងការយាយីពីសំណាក់អាជ្ញាធរ ហើយទីបំផុតអាជ្ញាធរបានចាប់ខ្លួនថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្កាវើលដ៍ចំនួន ៩ នាក់។ ក្នុងខែមេសា ឆ្នាំ២០២០ បុគ្គលិកនៅព្រលានយន្តហោះក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ក៏ប្រឈមនឹងការបញ្ឈប់ពីការងារជាច្រើននាក់ផងដែរ ក្នុងរូបភាពមួយដែលមជ្ឈដ្ឋាននានាមើលឃើញថាជាវិធីមួយដើម្បីរម្លាយសហជីពដោយប្រយោល។ ការបញ្ឈប់បុគ្គលិកនេះមិនមានការផ្តល់សំណងឡើយ ឬបើមានការផ្តល់ជូនសំណង ក៏សំណងនោះមិនយុត្តិធម៌ ហើយអតីតកម្មករនិយោជិតនៅតែបន្តទាមទារសំណងយុត្តិធម៌ដែលរហូតមកទល់ពេលនេះកំពុងស្ថិតក្នុងដំណើរការប្តឹងក្រុមហ៊ុនព្រលានយន្តហោះចំពោះការរំលោភច្បាប់ស្តីពីការងារ។ ក្នុងខែកក្កដា បុគ្គលិក និងកម្មករប្រមូលសំរាមនៃក្រុមហ៊ុនស៊ិនទ្រីប្រមាណចំនួន១.១៧៦ នាក់ ដែលភាគច្រើនគឺជាសមាជិកសហជីពត្រូវបានបញ្ឈប់ពីការងារបន្ទាប់ពីក្រុមហ៊ុនស៊ិនទ្រីបានផ្ទេរប្រតិបត្តិការរបស់ខ្លួនទៅឱ្យក្រុមហ៊ុនពីរផ្សេងទៀត។ កម្មករនិយោជិតជាច្រើនមិនទទួលបានប្រាក់បំណាច់ផ្តាច់កិច្ចសន្យាការងារចំពោះការបញ្ឈប់នេះឡើយ។ មានការសន្យាដល់កម្មករដែរថាក្រុមហ៊ុនថ្មីទាំងពីរនោះនឹងជួលពួកគេឱ្យចូលបម្រើការងារវិញ ប៉ុន្តែជាក់ស្តែងក្រុមហ៊ុនទាំងនេះពុំបានអនុវត្តដូច្នោះឡើយ ហើយកម្មករជាច្រើននាក់បានលើកឡើងពីការរើសអើងសហជីព។ លក្ខខណ្ឌមិនអំណោយផលដែលប្រជាពលរដ្ឋកម្ពុជាជាច្រើនជួបប្រទះទាំងនេះនាំឱ្យក្រុមហ៊ុនសាជីវកម្មជាច្រើនទទួលផលចំណេញពីស្ថានភាពនេះដែលនាំឱ្យបរិយាកាសទទួលបានសិទ្ធិការងារលំបាកសម្រេចបាន។

៦.ប្រព័ន្ធយុត្តិធម៌

ក. សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌

ម.ស.ម.ក បានបន្តការសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញដើម្បីវាយតម្លៃអំពីភាពអនុលោមជាមួយបទដ្ឋានជាតិ និងអន្តរជាតិនៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ មានការកត់ត្រារបក គំហើញវិជ្ជមានជាច្រើន ដូចជាតុលាការគោរពសិទ្ធិរបស់ជនជាប់ចោទក្នុងការពិភាក្សាជាមួយមេធាវីនៅមុនពេលជំនុំជម្រះ មានពេលវេលាគ្រប់គ្រាន់ក្នុងការត្រៀមខ្លួនការពារក្តី ការទទួលបានសវនាការជាសាធារណៈ និងការគោរពតាមគោលការណ៍និត្យានុកូលភាព និងការហាមប្រាមលើការកាត់ទោសពីរដងក្នុងបទល្មើសតែមួយជាដើម។ ទោះយ៉ាងនេះក្តី នៅតែមានបញ្ហាមួយចំនួនទាក់ទងនឹងការប្រតិបត្តិតាមសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តធម៌ដទៃទៀត ដូចជា សិទ្ធិមិនត្រូវបានបង្ខិតបង្ខំឱ្យសារភាពពីពិរុទ្ធភាព ឬផ្តល់សក្ខីកម្មប្រឆាំងនឹងខ្លួនឯង សិទ្ធិទទួលបានសវនាការជាសាធារណៈ សិទ្ធិយល់ដឹងអំពីប្រភេទនិងមូលហេតុនៃការចោទប្រកាន់ សិទ្ធិទទួលបានមេធាវី និងសិទ្ធិមានវត្តមាននៅពេលសវនាការ សិទ្ធិបង្ហាញភ័ស្តុតាង សិទ្ធិទទួលបានការជំនុំជម្រះប្រកបដោយសុភវិនិច្ឆ័យ និងសិទ្ធិសន្មតទុកជាមុនថាគ្មានទោស។ ម.ស.ម.ក ព្រមទាំងសង្កេតសវនាការក្នុងករណីអំពើហិង្សាផ្អែកលើយេនឌ័រនៅសាលាដំបូងខេត្តកំពង់ចាម និងខេត្តសៀមរាបផងដែរ ហើយសង្កេតឃើញថាសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ជនត្រូវចោទក្នុងសវនាការដែលបានសង្កេតការណ៍ត្រូវបានតុលាការតំបន់ចំនួនពីរគោរពបានពេញលេញ ដូចជា សិទ្ធិទទួលបានសវនាការជាសាធារណៈ សិទ្ធិមានវត្តមាននៅពេលជំនុំជម្រះ និងសិទ្ធិទទួលបានមេធាវី សិទ្ធិសន្មតទុកជាមុនថាគ្មានទោស និងសិទ្ធិទទួលការជំនុំជម្រះប្រកបដោយសុភវិនិច្ឆ័យ។

ខ. ការប្រើប្រព័ន្ធតុលាការជាឧបរកណ៍

ការប្រើប្រព័ន្ធយុត្តិធម៌ជាឧបករណ៍ត្រូវបានបង្ហាញឱ្យឃើញច្បាស់តាមរយៈការកើនឡើងខ្លាំងនូវវិធានការផ្លូវច្បាប់លើអតីតសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ការយាយីផ្នែកប្រព័ន្ធតុលាការ និងការប្រើប្រព័ន្ធយុត្តិធម៌កម្ពុជាជាឧបករណ៍នយោបាយនោះគឺបង្ហាញឡើងតាមការជំនុំជម្រះក្តីទ្រង់ទ្រាយធំនាពេលថ្មីៗទៅលើអតីតសមាជិកគណបក្សសង្គ្រោះជាតិពីបទរួមគំនិតក្បត់ទាក់ទងនឹងការគាំទ្ររបស់ពួកគេចំពោះផែនការវិលត្រឡប់របស់លោក សម រង្ស៊ី មេដឹកនាំដែលនិរទេសខ្លួនក្រៅប្រទេស (សូមមើលផ្នែក១- បរិយាកាសនយោបាយ)។ សវនាការ អសោចដោយអំពើពុករលួយ ហើយការចោទប្រកាន់ធ្វើឡើងក្រោមហេតុផលនយោបាយ ដោយអតីតសកម្មជនជាច្រើននាក់ត្រូវបានកាត់ទោសដោយកំបាំងមុខ។ ករណីឧទាហរណ៍មួយគឺការផ្តល់ភាពជាតំណាងផ្លូវច្បាប់ដល់ជនជាប់ចោទជាសកម្មជនដែលទទួលទោសជាប់ពន្ធនាគារអប្បបរមា ដោយធ្វើការសន្មតទុកជាមុនថាពួកគេមានពិរុទ្ធភាពនៃបទល្មើស។

ករណីស្រដៀងគ្នានេះដែរ លោក រ៉ុង ឈុន មេដឹកនាំសហជីពដែលមានកិត្តិនាមល្បីល្បាញដែលត្រូវបានចាប់ខ្លួនក្នុងខែកក្កដា ឆ្នាំ២០២០ ទាក់ទងនឹងការចោទប្រកាន់ពីបទញុះញង់ដោយសារបង្ហោះមតិយោបល់លើ បណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងភាពមិនប្រក្រតីនៃការបោះបង្គោលកំណត់ព្រំដែនតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នដោយអយុត្តិធម៌អស់រយៈពេលជិត ១៣ ខែ នៅមុនពេលលោកត្រូវបានកាត់ទោសដាក់ពន្ធនាគារអតិបរមារយៈពេលពីរឆ្នាំ។ បន្ទាប់ពីមានការថ្កោលទោសជាបន្តបន្ទាប់ពីអង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិចំពោះការចាប់ខ្លួន និងការផ្តន្ទាទោសរូបលោក លោកត្រូវបានដោះលែងវិញនៅខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែស្ថិតនៅក្រោមលក្ខខណ្ឌនៃការត្រួតពិនិត្យរបស់តុលាការរយៈពេលពីរឆ្នាំ។

អ្នកគាំទ្រលោក រ៉ុង ឈុន ជាច្រើននាក់ដែលត្រូវបានចាប់ខ្លួនក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ដោយសាររៀបចំបាតុកម្មទ្រង់ទ្រាយធំស្នើឱ្យមានការដោះលែងលោក រ៉ុង ឈុន ក៏ប្រឈមនឹងការឃុំខ្លួនជាបណ្តោះអាសន្នជាច្រើនខែផងដែរ ព្រមទាំងត្រូវបានផ្តន្ទាទោសក្រោមបទចោទដែលមានហេតុផលនយោបាយ។ ដូចជា កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ អន្ទិត កើត សារ៉ាយ កញ្ញា ថាឡាវី កញ្ញា អេង ម៉ាឡៃ លោក ម៉ួង សុភ័ក្រ លោក មាន ព្រហ្មមុនី និងកញ្ញា ស កន្និការ ត្រូវបានតម្រូវឱ្យស្ថិតក្នុងឃុំខ្លួនបណ្តោះអាសន្នដោយអយុត្តិធម៌អស់រយៈពេលជាងមួយឆ្នាំទោះបីជាមានការអំពាវនាវពីអន្តរជាតិឱ្យដោះលែងអ្នកទោសដោយសារមានផ្ទុះឡើងខ្លាំងនូវជំងឺកូវីដ-១៩ក្នុងពន្ធនាគារ នៅមុនពេលសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសពួកគេក្នុងខែសីហា និងខែតុលា ឆ្នាំ២០២១ ក្តី។ ម្យ៉ាងទៀត ក្រុមដែលរងការដៅមុខសញ្ញាខ្លាំងនោះ គឺក្រុមអង្គការមាតាធម្មជាតិ បានប្រឈមនឹងការយាយីតាមផ្លូវតុលាការខ្លាំងឡើង ដោយអាជ្ញាធរធ្វើការផ្តន្ទាទោសសកម្មជនចំនួនប្រាំនាក់រួមមាន កញ្ញា ភួង កែវរស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា លោក អាឡិច ហ្គូនសាឡេស ដាវិដសុន និងកញ្ញា ជា គន្ធីន ពីបទញុះញង់ និងកាត់ទោសដាក់ពន្ធនាគាររយៈពេលពី ១៨ ខែ ដល់ ២០ ខែ បន្ទាប់ពីបានអនុវត្តទោសក្នុងពេលឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេលប្រាំពីរខែមក។ ទោះបីជាបានអនុវត្តទោសរបស់ខ្លួនហើយក្តី ពួកគេក៏រងការចោទប្រកាន់ផ្សេងទៀតពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ហើយសកម្មជន ៣ នាក់ ទៀត រួមមាន លោក ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ និងលោក យឹម លាងហ៊ី ត្រូវបានផ្តន្ទាទោសបទល្មើសដូចគ្នា។ សកម្មជនជាច្រើននាក់ខាងលើត្រូវបានដោះលែងវិញក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តាមលក្ខខណ្ឌមួយដែលគេអាចយល់បានថាជាភាពចាំបាច់របស់រដ្ឋាភិបាលក្នុងការស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញនៅលើឆាកអន្តរជាតិនៅមុនពេលធ្វើជាប្រធានកិច្ចប្រជុំកំពូលសមាគមអាស៊ានក្នុងឆ្នាំ២០២២។

ករណីលេចធ្លោមួយទៀត ដែលបង្ហាញឱ្យឃើញដោយងាយពីការប្រើប្រព័ន្ធតុលាការជាឧបករណ៍ គឺការចាប់ខ្លួន និងការដាក់ពន្ធនាគារកុមារ កាក់ សុវណ្ណឆៃ អាយុ១៦ ឆ្នាំ ដែលមានជំងឺខ្សោយស្មារតី ឬអូទីស្សីមជាកូនប្រុសរបស់អតីតសមាជិកមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ និងក្រុមស្ត្រីថ្ងៃសុក្រ។ សុវណ្ណឆៃ ត្រូវបានចាប់ខ្លួនទាក់ទងនឹងការផ្ញើរសារតាមប្រព័ន្ធតេឡេក្រាមដែលក្នុងសារនោះត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាការប្រមាថរដ្ឋាភិបាល។ ការជំនុំជម្រះក្តីក្នុងករណីកុមាររូបនេះប្រព្រឹត្តទៅក្រោមទិដ្ឋភាពអាម៉ាសជុំវិញការរំលោភបំពានសិទ្ធិរបស់កុមារ ក្នុងនោះតុលាការបានបដិសេដសំណើសុំរបស់មេធាវីដើម្បីឱ្យមានអ្នកជំនាញពិនិត្យលើស្ថានភាពសុខភាពផ្លូវចិត្តរបស់កុមាររូបនេះផងដែរ ហើយតំណាងអយ្យការបានលើកឡើងថាកុមាររូបនេះពុំមានជំងឺខ្សោយស្មារតីនោះទេព្រោះគាត់អាចប្រើហ្វេសប៊ុកបាន។ ជាចំណាត់ការមួយប្រឆាំងនឹងផលប្រយោជន៍របស់កុមារសុវណ្ណឆៃក្នុងឋានៈជាអនីតិជនមានពិការភាព តុលាការបានសម្រេចបង្ខំឱ្យគាត់អនុវត្តទោសឃុំខ្លួនជាបណ្តោះអាសន្នរយៈពេល ៤ ខែ នៅមុនពេលកាត់ទោសគាត់ពីបទញុះញង់។ កុមាររូបនេះត្រូវបានដោះលែងវិញក្រោមលក្ខខណ្ឌនៃការត្រួតពិនិត្យតាមផ្លូវតុលាការរយៈពេលពីរឆ្នាំ។

នៅក្នុងឆ្នាំ២០២១ ក៏សង្កេតឃើញថាសិទ្ធិទទួលបានការជំនុំជម្រះដោយឆាប់រហ័សអនុវត្តលឿនជ្រុលពេក។ ករណីដោយឡែកពីគ្នាចំនួនពីរ ដែលមានការចាប់ខ្លួន ចោទប្រកាន់ កាត់ទោស និងដាក់ពន្ធនាគារលើបុគ្គលមួយចំនួនយ៉ាងលឿនដោយសារការចូលរួមក្នុងសកម្មភាពនានា ឬដោយសារភាពសកម្មនិយមដូចជាការរិះគន់រដ្ឋាភិបាលជាដើម។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ មានការចាប់ខ្លួនយុវជនម្នាក់ឈ្មោះ ងួន លី ជាកសិករពីបទបង្ហោះ វីដេអូនៅលើទំព័រហ្វេសប៊ុកដែលរិះគន់រដ្ឋាភិបាលថាមិនជួយទិញផ្លែតាង៉ែនរបស់កសិករ រយៈពេលបួនថ្ងៃក្រោយមកលោកត្រូវបានចោទប្រកាន់ និងកាត់ទោសដាក់ពន្ធនាគារចំពោះការបញ្ចេញមតិយោបល់របស់លោក។ រយៈពេលខ្លីក្រោយមកអ្នកសារព័ត៌មានម្នាក់ឈ្មោះ យួន ឈីវ ដែលបានរាយការណ៍ព័ត៌មានរិះគន់ខ្លាំងៗលើការបណ្តេញចេញដោយបង្ខំ និងការបំផ្លាញផលដំណាំក្នុងខេត្តកោះកុងត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលតែមួយថ្ងៃប៉ុណ្ណោះពីបទញុះញង់ទាក់ទងនឹងការរាយការណ៍ព័ត៌មានរបស់លោក។

សន្ទស្សន៍នីតិរដ្ឋគម្រោងយុត្តិធម៌ពិភពលោកនៅឆ្នាំ២០២១ ដែលវាយតម្លៃអំពីការប្រតិបត្តិនីតិរដ្ឋនៅទូទាំងពិភពលោកបានដាក់ចំណាត់ថ្នាក់កម្ពុជានៅលេខរៀងទី១៣៨ ក្នុងចំណោម១៣៩ប្រទេស ដែលធ្វើឱ្យនីតិរដ្ឋធ្លាក់ចុះជាងឆ្នាំ២០២០ ដែលប្រទេសកម្ពុជាស្ថិតក្នុងលេខរៀងទី១២៧ ក្នុងចំណោម១២៨ប្រទេស។ ប្រទេសកម្ពុជាធ្លាប់ត្រូវបានដាក់ចំណាត់ថ្នាក់ជាប់ៗគ្នាថាជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងទៀតនៅលើពិភពលោកដែលទន់ខ្សោយផ្នែកនីតិរដ្ឋ ដោយសារកង្វះឯករាជ្យភាពនៃប្រព័ន្ធតុលាការពីស្ថាប័ននីតិប្រតិបត្តិ។

៧.សិទ្ធិស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ អន្តរភេទ និងអ្នកដែលមិនកំណត់អត្តសញ្ញាណ («អ្នកស្រឡាញ់ភេទដូចគ្នា»)

ក. សិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា

ទោះបីជាការស្រឡាញ់ភេទដូចគ្នាពុំមែនជាបទល្មើសក្រោមច្បាប់ជាតិក៏ដោយ ក៏អ្នកស្រឡាញ់ភេទដូចគ្នានៅតែប្រឈមនឹងការរើសអើង និងការមិនសូវផ្តល់តម្លៃពីសង្គមដោយសារនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ និងការបង្ហាញទំនោយេនឌ័រ និងលក្ខណៈផ្លូវភេទរបស់ពួកគេ។ ដោយសារកង្វះច្បាប់អនុញ្ញាតការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា កង្វះសិទ្ធិស្មុំកូនស្មើភាពគ្នាសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា និងការមិនទទួលស្គាល់យេនឌ័រតាមផ្លូវច្បាប់ (ការទទួលស្គាល់តាមច្បាប់ចំពោះអត្តសញ្ញាណយេនឌ័ររបស់បុគ្គលប្រសិនបើខុសពីភេទដែលពួកគេមានពីកំណើត) អ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានបដិសេធក្នុងការទទួលបានដោយពេញលេញនូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ពួកគេ។ លើសពីនេះ អ្នកស្រឡាញ់ភេទដូចគ្នាទទួលរងនឹងការរើសអើងក្នុងសង្គម និងការមិនផ្តល់តម្លៃ ដោយបុគ្គលជាច្រើនបានជួបប្រទះនឹងការយាយីពីសាធារណជន និងសមាជិកគ្រួសារ។ ទោះបីជារដ្ឋាភិបាលទទួលយកអនុសាសន៍ចំនួន ៩ ដែលលើកឡើងផ្ទាល់អំពីសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងដំណើរការពិនិត្យជាសកលតាមកាលកំណត់របស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ ក៏ដោយក្តី តែមានកិច្ចប្រឹងប្រែងតិចតួចក្នុងការអនុវត្តអនុសាសន៍ទាំងនោះនៅឆ្នាំ២០២១ ។

ខ. សិទ្ធិរបស់ស្ត្រី

កម្ពុជាមានផ្នត់គំនិតតម្កុំតម្កើងបុរស និងមានផ្នត់គំនិតយេនឌ័រចាស់ឫសយ៉ាងជ្រៅ ព្រមទាំងទំនៀមទម្លាប់ប្រពៃណីបន្តធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ស្ត្រី និងរារាំងការសម្រេចបានសមភាពយេនឌ័រ។ ទោះបីជាមានការអនុម័តផែនការយុទ្ធសាស្ត្រដើម្បីជំរុញការបញ្ជ្រាបយេនឌ័ររយៈពេលប្រាំឆ្នាំគឺនារីរតនៈទី៥ក៏ដោយក៏ស្ត្រីនៅតែទទួលរងការបៀតបៀនផ្លូវភេទ ឬប្រឈមនឹងឥរិយាបថត្រួតត្រា ដោយមានការទទួលខុសត្រូវតិចតួច។ កាលពីខែមីនា ឆ្នាំ២០២១ កញ្ញា ម៉ឹង ស្រីនួន ត្រូវបានកោះហៅដោយសារស្លៀកសម្លៀកបំពាក់លិចលើលិចក្រោមពេលកំពុងផ្សាយលក់ក្រែមពង្រីកដើមទ្រូងលើបណ្តាញអ៊ីនធឺណិត ហើយបានធ្វើការសុំទោសជាសាធារណៈនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពអនឡាញរបស់នាង។ ក្នុងខែមិថុនា អ្នកលក់ក្រែមបន្ទន់ស្បែកតាមអនឡាញម្នាក់ទៀតគឺ កញ្ញា ស៊ាន សុលក្ខិណា ត្រូវបានចាប់ខ្លួនដោយសារនិយាយអំពីប្រធានបទទាក់ទងនឹងការបៀតបៀនផ្លូវភេទដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ត្រីខ្មែរក្នុងពេលកំពុងផ្សាយលក់ផលិតផលរបស់នាង។ គួរបញ្ជាក់ដែរថានៅក្នុងខែមីនាកន្លងទៅ មន្ត្រីនគរបាលជាស្ត្រីម្នាក់ឈ្មោះ ស៊ីថង សុខា បានប្រឈមនឹងវិធានការវិន័យ បន្ទាប់ពីនាងបានបង្ហោះរូបភាពពីការបំបៅកូននៅលើទំព័រហ្វេសប៊ុករបស់ខ្លួនក្នុងឯកសណ្ឋាននរគបាល។ នាងត្រូវបានបង្ខំឱ្យចុះកិច្ចសន្យាបញ្ឈប់ការបំបៅកូននៅទីសាធារណៈដោយឯកសណ្ឋាន ព្រោះប៉ះពាល់ដល់កិត្តិយសនគរបាល និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។

អំពើហិង្សាផ្អែកយេនឌ័រនៅតែជាបញ្ហាកើតមានខ្លាំងនៅកម្ពុជា ហើយការស្តីបន្ទោសលើជនរងគ្រោះបានជ្រាបចូលទៅដល់ផ្នត់គំនិតនៃរដ្ឋាភិបាលថ្នាក់លើ។ ស្ត្រីជនជាតិដើមភាគតិចជាញឹកញាប់ក្លាយជាគោលដៅនៃការរំលោភ និងឃាតកម្ម ប៉ុន្តែការអនុវត្តច្បាប់ហាក់មានប្រសិទ្ធភាពតិចតួចក្នុងការឱ្យជនល្មើសទទួលខុសត្រូវ។ ក្នុងខែមីនា ឆ្នាំ២០២១ វីដេអូមួយបង្ហាញឧកញ៉ា ឌួង ឆាយ វាយតប់ភរិយារបស់ខ្លួនត្រូវបានគេចែកចាយបន្តគ្នាពេញបណ្តាញសង្គម។ ដើម្បីគេចផុតពីការទទួលខុសត្រូវបទល្មើស លោកបានចូលសាងផ្នួសជាព្រះសង្ឃ ប៉ុន្តែមួយរយៈពេលខ្លីក្រោយមក លោកក៏បានលាចាកសិក្ខាបទ ហើយនៅពុំទាន់ទទួលខុសត្រូវព្រហ្មទណ្ឌនៅឡើយ។ ក្នុងខែឧសភា ឆ្នាំ២០២១ ពិធីការិនីទូរទស្សន៍វ័យក្មេងឈ្មោះ មាន ពេជ្ររីតា ត្រូវបានឃាត់ខ្លួន និងដាក់ឱ្យស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្នបន្ទាប់ពីឧកញ៉ា ហេង សៀ ដ៏មានឥទ្ធិពលបានប្តឹងចោទប្រកាន់ថានាងបានចាក់លោកនៅក្នុងរថយន្ត។ ក្រោយមកត្រូវបានគេដឹងថាលោក ហេង សៀ ប៉ុនប៉ងចាប់រំលោភពិធីការិនី មាន ពេជ្ររីតា។ បន្ទាប់ពីនាងដាក់ពាក្យប្តឹងឧកញ៉ារូបនេះពីបទប៉ុនប៉ងរំលោភរួច នាងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ហើយក្រោយមករួចផុតរាល់ការចោទប្រកាន់ ប៉ុន្តែជនល្មើសនៅតែមានសេរីភាព។ ករណីអំពើហិង្សាជាច្រើនលើស្ត្រីដែលប្រព្រឹត្តដោយមន្ត្រីយោធាក៏ត្រូវបានកត់ត្រាក្នុងឆ្នាំ ២០២១ ផងដែរ ឧទាហរណ៍ មន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ ស្រ៊ុន ពេជ្ររស្មី បានរត់គេចពីនគរបាលខេត្តកំពង់ធំ បន្ទាប់ពីបានចាក់ភរិយារបស់ខ្លួនបណ្តាលឱ្យនាងរងរបួសធ្ងន់ ហើយក្នុងខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីយោធាពីរនាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទធ្វើទារុណកម្មក្មេងស្រីអាយុ ១២ ឆ្នាំ ពីរនាក់ដែលបម្រើការងារនៅផ្ទះមន្ត្រីម្នាក់ដោយសារការស្លាប់កូនសុនខរបស់ពួកគេ។

ម្យ៉ាងទៀត ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ស្ត្រី រួមមាន ការកើនឡើងនូវអំពើហិង្សាក្នុងគ្រួសារ ដែលចេញពីលទ្ធផលនៃការបាត់បង់ការងារ ការបិទខ្ទប់ ករណីរំលោភសេពសន្ធវៈនៅមណ្ឌលចត្តាឡីស័ក កង្វះលទ្ធភាពក្នុងការទទួលបានសេវាថែទាំផ្ទៃពោះសម្រាប់ស្ត្រីមានផ្ទៃពោះមុនពេលសម្រាល និងគ្មានជំនួយផ្នែកហិរញ្ញវត្ថុដល់កម្មករនិយោជិតផ្នែកសេវាកម្សាន្តដែលរងផលប៉ះពាល់ជីវភាពខ្លាំងដោយសារការរឹតត្បិតក្នុងអំឡុងពេលជំងឺកូវីដ-១៩។

សេចក្តីសន្និដ្ឋាន

ស្ថានភាពសិទ្ធិមនុស្សបានបន្តធ្លាក់ចុះខ្លាំងក្នុងឆ្នាំ២០២១ ជាពិសេសទាក់ទងនឹងសេរីភាពមូលដ្ឋាន សេរីភាពក្នុងការបញ្ចេញមតិខាងសារព័ត៌មាន សិទ្ធិដីធ្លី និងដំណើរការអនុវត្តសិទ្ធិស្របច្បាប់។ បន្ទាប់មកក្នុងឆ្នាំ ២០២១ សង្កេតឃើញមានការបង្រ្កាបជាច្រើននៅទូទាំងប្រទេសប្រឆាំងលើបុគ្គលដែលរិះគន់ឬជំទាស់ទៅគោលនយោបាយរបស់រដ្ឋាភិបាល ដែលនាំឱ្យមានវប្បធម៌នៃការភ័យខ្លាចកាន់តែខ្លាំងឡើងៗនៅកម្ពុជា ហើយលម្ហសម្រាប់ការអនុវត្តសិទ្ធិមនុស្សបន្តធ្លាក់ដុនដាបខ្លាំង។ សិទ្ធិដីធ្លីបានបន្តកើតមានជាច្រើននៅទូទាំងប្រទេសកម្ពុជា ខណៈដែលប្រជាពលរដ្ឋរាប់ពាន់គ្រួសារត្រូវបាត់បង់ផ្ទះសម្បែង និងមុខរបរចិញ្ចឹមជីវិត ដោយទទួលបានសំណងតិចតួច ឬក៏ពុំទទួលបានសំណងអ្វីសោះ។ សិទ្ធិកម្មករក៏រងផលប៉ះពាល់ខ្លាំងផងដែរនៅឆ្នាំនេះដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ជាហេតុនាំឱ្យក្រុមហ៊ុនប្រើលេសបញ្ឈប់កម្មករនិយោជិតដោយផ្តល់សំណងតិចតួចដល់ជនរងគ្រោះ។ ប្រការដែលសំខាន់រដ្ឋាភិបាលកម្ពុជាគប្បីគោរពតាមការប្តេជ្ញាចិត្តផ្នែកសិទ្ធិមនុស្សរបស់ខ្លួន និងបញ្ឈប់ការវាយប្រហារទៅលើសំឡេងជំទាស់ទាំងអស់នៅក្នុងប្រទេស ដោះលែង និងទម្លាក់ចោលជាបន្ទាន់រាល់ការចោទប្រកាន់លើបុគ្គលដែលត្រូវបានកំណត់មុខសញ្ញា និងបុគ្គលកំពុងស្ថិតក្នុងការឃុំខ្លួនដោយបំពាន ដោយសារការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេ ក៏ដូចជាធានាថារាល់ច្បាប់ជាធរមាន និងច្បាប់ថ្មីៗអនុលោមជាមួយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។