អភិបាលកិច្ច និងថវិកា
ម.ស.ម.ក មានរចនាសម្ព័ន្ធគ្រប់គ្រងយោងលើលក្ខន្តិកៈរបស់ខ្លួន។ យើងមានក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាយោបល់ ដែលសមាជិកក្រុមសុទ្ធតែជាបញ្ញវ័ន្តដែលទទួលបានជោគជ័យក្នុងអាជីពការងារ ពោរពេញដោយបទពិសោធន៍ប្រកបដោយសក្តានុពល មានឆន្ទៈមុះមុតក្នុងបុព្វហេតុសិទ្ធិមនុស្ស និងជួយទំនុកបម្រុងបេសកម្មការងាររបស់យើង។
គណៈកម្មាធិការគ្រប់គ្រង ខ្នះខ្នែងបង្កើត និងរិះរកវិធី ដើម្បីធ្វើឲ្យស្ថាប័នមានភាពរ៉ឹងមាំ និងបំពេញបេសកម្មការងារប្រកបប្រសិទ្ធភាព ដែលការគ្រប់គ្រងថ្នាក់កណ្តាលត្រូវបានដាក់កម្រិត ដើម្បីឲ្យមានការទទួលខុសត្រូវ និងមានឱកាសបន្ថែមសម្រាប់ មន្ត្រីដឹកនាំគម្រោងបានបញ្ចេញគំនិតយោលប់។ ជោគជ័យរបស់ ម.ស.ម.ក គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងការងាររបស់បុគ្គលិកឆ្នើមៗរបស់យើង។
ក្រុមប្រឹក្សាភិបាល

អ្នកស្រី មូល សំនៀង
អ្នកស្រី មូល សំនៀង បច្ចុប្បន្នបម្រើការជានាយិកាប្រចាំកម្ពុជានៃ មូលនិធិហាប់ស្វែល ជាទីដែលអ្នកស្រី គាំទ្រដល់យុវនារីសិក្សានៅសកលវិទ្យាល័យ ដោយផ្តល់ឱ្យពួកគេនូវជំនាញភាពជាអ្នកដឹកនាំ និងធានានូវសុខុមាលភាពបញ្ញានិងស្មារតី ខណៈដែលពួកគេទទួលបានអាហារូបករណ៍សម្រាប់ការស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននិងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់និស្សិតនារីសាកលវិទ្យាល័យ នៃមូលនិធិហាប់ស្វែល។ អ្នកស្រីក៏ជាអ្នកសម្របសម្រួលកម្មវិធីរបស់ SHE-CAN ដោយបម្រើការជាមន្រ្តីបង្គោលក្នុងប្រទេស និងសម្របសម្រួលបេក្ខនារីអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យនានាក្នុងសហរដ្ឋអាមេរិក ។
អ្នកស្រីមានបទពិសោធន៍ជាងម្ភៃឆ្នាំ លើការរៀបចំ គ្រប់គ្រង និងការអនុវត្តកម្មវិធី ដែលទាក់ទងទៅនឹងសិទ្ធិនិងសន្តិសុខជាមូល ដ្ឋានរបស់ស្ត្រីនៅក្នុងអង្គការសង្គមស៊ីវិល។ អ្នកស្រីបានដឹកនាំកម្មវិធីស្តីពីអំពើហិង្សាលើស្ត្រី នៅមូលនិធិអាស៊ី ព្រមទាំងបានគ្រប់គ្រងកម្មវិធីផ្តួចផ្តើមគំនិតសម្រាប់ការអប់រំ ដែលផ្តល់អាហារូបករណ៍ដល់ក្មេងស្រីមកពីគ្រួសារជួបការលំបាកក្នុងជីវភាព។
អ្នកស្រីក៏បានបម្រើការជាអ្នកផ្តល់យោបល់ប្រចាំនៅកម្ពុជាសម្រាប់អង្គការ Give2Asia ផង ដែរ។ អ្នកស្រី មានឯកទេសផ្នែកលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ អំពើហិង្សាផ្នែកយេនឌ័រ ការជួញដូរស្ត្រីនិងកុមារ ហើយនិងការទទួលបានការអប់រំរបស់ក្មេងស្រី។ អ្នកស្រី សំនៀងបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងការអភិវឌ្ឍ ពីវិទ្យាស្ថានគ្រប់គ្រងអាស៊ី នៅហ្វីលីពីន។

អាត សុធាវី
អាត សុធាវី គឺជាស្ថាបនិក Think Plastic ដែលជាយុទ្ធនាការ អប់រំផ្សព្វផ្សាយអំពីបរិស្ថាន ដែលផ្តោតសំខាន់ទៅលើផលប៉ះពាល់នៃការ ប្រើប្រាស់ប្លាស្ទិកដែលប្រើតែម្តងបោះចោល និង ធ្វើការលើកទឹកចិត្តឲ្យប្រជាជនកម្ពុជា ចូលរួមកាត់បន្ថយការប្រើប្រាស់ និង ចូលរួមការការពារបរិស្ថាន។ សុធាវីមានបទពិសោធន៌ជាង ១៥ ឆ្នាំលើផ្នែក ប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនង ជាអ្នកផ្តល់ប្រឹក្សា និង បង្ហាត់បង្ហាញជំនាញលើផ្នែក ការង្កើតមាតិការ និង ការផលិតវីដេអូ ។
សុធាវី ធ្លាប់ធ្វើការជាមួយ អង្គការក្នុងស្រុក និង ក្រៅរដ្ឋាភិបាល ក្នុង ប្រទេសកម្ពុជា និង ប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក។សុធាវីមានសម្ធិផលច្រើនក្នុងការធ្វើការងារសង្គម ហើយទទួលបានពានរង្វាន់ ស្ត្រីឆ្នើមប្រចាំតំបន់អាស៊ីអាគ្នេយ៍ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនង ក្នុង ឆ្នាំ 2020 និង បណ្ណសរសើរមេត្រីភាពបរិស្ថាន ឆ្នាំ ២០១៩ ពីក្រសួងបរិស្ថាន។

រស់ សារ៉ាយអណ្តែត
លោក រស់ សារ៉ាយអណ្តែត ទទួលបានបរិញ្ញាបត្រផ្នែកចិត្តវិទ្យាពីសាកលវិទ្យាល័យភ្នំពេញក្នុងឆ្នាំ២០០២ និងបរិញ្ញាបត្រវិទ្យាសាស្ត្រអប់រំ និងភាសាអង់គ្លេសពីមហាវិទ្យាល័យគរុកោសល្យក្នុងឆ្នាំ២០០៣។ លោកព្រមទាំងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងការអភិវឌ្ឍក្នុងឆ្នាំ២០១៣ ពីសាកលវិទ្យាល័យ ន័រតុន។
លោកអណ្តែត មានបទពិសោធន៍ក្នុងការផ្តល់ការគាំទ្រផ្នែកចិត្តសាស្ត្រនិងនីតិសម្បទាដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពផ្លូវចិត្ត និងមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាលដល់យុវជនក្នុងសហគមន៍និងសាលារៀន។ លោកក៏ធ្លាប់មានបទពិសោធន៍ផ្នែកសម្របសម្រួលគម្រោងមួយ ដែលផ្តល់អន្តរាគមន៍ដល់កុមារជាជនពិការនៅក្នុងសហគមន៍ផងដែរ។

លោក សេក សោភ័ណ
លោក សេក សោភ័ណ គឺជាមេធាវី និងជាស្ថាបនិកនៃការិយាល័យមេធាវី រ៉ៃ & ប៊ីស៊ីនីស( RIGHTS & BUSINESS LAW OFFICE )នៅកម្ពុជា។ លោកទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកច្បាប់។ លោកមានបទពិសោធន៍ការងារជាច្រើន ទាក់ទងផ្នែកកំណែទម្រង់ច្បាប់ប្រព័ន្ធយុត្តិធម៌ បោះឆ្នោត និងសិទ្ធិការងារ និងមានបទពិសោធន៍ធ្វើការងារជាច្រើនឆ្នាំជាមួយអង្គការសង្គមស៊ីវិល និងធ្លាប់ធ្វើការងារលើករណីសិទ្ធិមនុស្សមួយចំនួន ជាពិសេសករណីពាក់ព័ន្ធក្នុងជម្លោះដីធ្លីដែលប៉ះពាល់ដល់សហគមន៍ជនជាតិដើម។
លោកធ្លាប់ធ្វើជាគ្រូបង្រៀនច្បាប់ក្នុងកម្មវិធីនីតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យគ្រប់គ្រងដោយសាកលវិទ្យា ល័យ សាន ហ្រា្វនស៊ីស្កូ (San Francisco) ធ្លាប់ទទួលការបណ្តុះបណ្តាលអំពីបទដ្ឋានសិទ្ធិមនុស្សនៅទីក្រុងកូប៉ិនហាក អំពីអង្គការពលកម្មអន្តរជាតិ ហើយនិងបទដ្ឋានអង្គការសហប្រជាជាតិស្តីពីសិទ្ធិរបស់ជនជាតិដើមនិងការសម្រុះសម្រួល។
លោកក៏ធ្លាប់ធ្វើការងារ ក្នុងតួនាទីជាអ្នកសម្របសម្រួលគម្រោងថ្នាក់ជាតិជូនអង្គការពលកម្មអន្តរជាតិអស់រយៈពេល១០ឆ្នាំ ដែលលោកបានសម្របសម្រួលជាមួយ រដ្ឋាភិបាលអង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ អង្គការសហប្រជាជាតិ ដើម្បីអោយសហគមន៍ជនជាតិដើមក្លាយជានីតិបុគ្គលនិងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីថ្នាក់ឃុំនៅកម្ពុជា។ លោកធ្លាប់ធ្វើជាគ្រូបង្រៀនច្បាប់ស្តីពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។

ឈាត ស្រ៊ាង
លោក ឈាត ស្រ៊ាង មានបទពិសោធន៍ជាង១០ឆ្នាំ ផ្នែកគ្រប់គ្រងការអភិវឌ្ឍ ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងកម្មវិធី ការអភិវឌ្ឍផ្នែកស្រាវជ្រាវ និងការបង្រៀន។ បច្ចុប្បន្ននេះ លោកធ្វើជានាយកកម្មវិធីនៅមជ្ឈមណ្ឌលខេមរសិក្សា និងជាសាស្ត្រាចារ្យបង្រៀនក្រៅម៉ោងនៅសាកលវិទ្យាល័យកម្ពុជា។ លោកបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក ស្រាវជ្រាវវប្បធម៌ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៤ និងថ្នាក់អនុបណ្ឌិតនៅសហភាពអ៊ឺរ៉ុបផ្នែកស្រាវជ្រាវសកលពីសាកលវិទ្យាល័យ វៀនណា (ប្រទេសអូទ្រីស) និងសាកលវិទ្យាល័យ វ្រ៉ូខ្លាវ (ប្រទេសប៉ូឡូញ) ក្នុងឆ្នាំ២០០៧។
លោកទទួលបានបរិញ្ញាបត្រផ្នែកប្រវត្តិសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០២។ លោកធ្លាប់ធ្វើការងារផ្នែកស្រាវជ្រាវ និងអ្នកសម្របសម្រួលកម្មវិធីនៅវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងបានចេញផ្សាយអត្ថបទនិងឯកសារជាច្រើនទាក់ទងទៅនឹងការអភិវឌ្ឍ អភិបាលកិច្ចថ្នាក់មូលដ្ឋាន និងកំណែទម្រង់វិស័យសាធារណៈក្នុងប្រទេសកម្ពុជា។ លោក ស្រ៊ាង ធ្លាប់ធ្វើជាអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ និងជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍មូលដ្ឋាននៅអង្គការលូថេរ៉ាន បំរើពិភពលោក ប្រចាំកម្ពុជា។
បច្ចុប្បន្ននេះលោកចាប់អារម្មណ៍ការស្រាវជ្រាវជុំវិញប្រធានបទអភិវឌ្ឍន៍មូលដ្ឋាន ប្រជាធិបតេយ្យូប-នីយកម្ម កំណែទម្រង់វិស័យសាធារណៈ អភិបាលកិច្ចទីក្រុង នយោបាយថ្នាក់មូលដ្ឋាន និងការអភិវឌ្ឍ ព្រមទាំងការចូលរួមក្នុងវិស័យនយោបាយរបស់យុវជន។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើលទ្ធផលនៃការបំពេញការងារ ដើម្បីធានាថា ខ្លួនកំពុងប្រើប្រាស់បែបផែនគ្រប់គ្រងមួយដែលផ្តល់អត្ថប្រយោជន៍ជាអតិបរមា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ទទួលបានពីការចាត់ចែងដោយហ្មត់ចត់ នូវធនធានមនុស្សនិងធនធានហិរញ្ញវត្ថុរបស់ខ្លួន ជាពិសេសប្រកាន់ខ្ជាប់តាមគោលការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ។ ម.ស.ម.កមានជំនឿថា ការដាក់បញ្ចូលនូវយុទ្ធសាស្ត្រផ្តោតលើលទ្ធផលនេះ ទៅក្នុងគោលការណ៍នានារបស់ខ្លួន នឹងជំរុញឲ្យសម្រេចបាននូវការរៀបចំផែនការ ការអនុវត្តផែនការ ការត្រួតពិនិត្យ និងការវាយតម្លៃលើគម្រោងកម្មវិធី និងលើស្ថានភាពហិរញ្ញវត្ថុ ដែលមានលក្ខណៈប្រសើរ និងផ្តល់សុវត្ថិភាពខ្ពស់ ។ តាមរយៈយុទ្ធសាស្ត្រទាំងនេះ ម.ស.ម.កប្រកាន់ខ្ជាប់នូវគណនេយ្យភាពចំពោះម្ចាស់ជំនួយ អ្នកគាំទ្រ និងសាធារណជន ឲ្យបានជ្រាបពីការងារប្រចាំថ្ងៃ និងសមិទ្ធិផលនានារបស់ខ្លួន។ ជារួម ម.ស.ម.កមានគោលការណ៍មួយគឺ ការប្រកាន់ខ្ជាប់នូវតម្លាភាព តាមរយៈការបង្ហាញនូវគោលការណ៍នានា និងរបាយការណ៍តុល្យភាពហិរញ្ញវត្ថុប្រចាំខែរបស់ខ្លួនតាមប្រព័ន្ធអ៊ីនធឺណិត។
ក្នុងផ្នែកនេះ លោកអ្នកនឹងអាចទទួលបានព័ត៌មាន អំពីរបាយការណ៍តុល្យភាពហិរញ្ញវត្ថុរបស់ម.ស.ម.ក ដែលមានបង្ហាញនូវថវិកាចំណូល និងចំណាយ ដែលទទួលបានពីម្ចាស់ជំនួយនានា និងតាមគម្រោង ដែលមានបែងចែកជាបីផ្នែក៖
- បុគ្គលិក
- រដ្ឋបាល និងការផ្គត់ផ្គង់ផ្សេងៗ
- គម្រោងសកម្មភាព
បន្ថែមលើការផ្សព្វផ្សាយនូវរបាយការណ៍តុល្យភាពហិរញ្ញវត្ថុប្រចាំខែ ម.ស.ម.កបានចុះកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំ ជាមួយក្រុមហ៊ុនសវនកម្មឈ្មោះ ហ្វុនតាមីឡា ដុនាស្កូ កាលពីឆ្នាំ២០០៩ សម្រាប់ការចុះធ្វើសវនកម្មជាទូទៅប្រចាំឆ្នាំ និងតាមគម្រោងចំនួន ៣ ក្នុងឆ្នាំនីមួយៗ ។
ម.ស.ម.ក លើកទឹកចិត្តដល់អង្គការផ្សេងទៀត ឲ្យប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព ក្នុងស្ថាប័ន និងបុគ្គលិករបស់ខ្លួន ហើយដាក់បង្ហាញនូវព័ត៌មានពាក់ព័ន្ធនឹងប្រភពចំណូល និងរាល់ចំណាយនានារបស់ខ្លួនផងដែរ៕
នៅលើទំព័រនេះ លោកអ្នកនឹងអាចស្វែងរកព័ត៌មាន អំពីអ្នកគាំទ្រនិងម្ចាស់ជំនួយ ទាំងបច្ចុប្បន្ននិងអតីត របស់ម.ស.ម.ក និងអំពីទិដ្ឋភាពការងារម.ស.ម.ក ដែលអ្នកគាំទ្រនិងម្ចាស់ជំនួយទាំងនោះបានផ្តល់វិភាគទាន សម្រាប់ទំនុកបម្រុងដល់ ៖ គម្រោងពង្រឹងអំណាចសហគមន៍, កិច្ចស្រាវជ្រាវ និងតស៊ូមតិ, ឬប្រភពមូលនិធិចម្បងនៃម.ស.ម.ក ។
ម.ស.ម.កបាននិងកំពុងប្រឹងប្រែងធ្វើសកម្មភាពរបស់ខ្លួន ដើម្បីទទួលបានការគាំទ្រពីសំណាក់ម្ចាស់ជំនួយ និងអ្នកគាំទ្រជាច្រើន សម្រាប់បណ្តាគម្រោងការ ទាំងរយៈពេលវែង និងរយៈពេលកំណត់ ។ ម.ស.ម.កសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ម្ចាស់ជំនួយនិងអ្នកគាំទ្ររបស់ខ្លួន ចំពោះកិច្ចឧបត្ថម្ភខាងហិរញ្ញវត្ថុ ខាងបច្ចេកទេស និងខាងផ្សេងៗទៀត ដែលអនុញ្ញាតឲ្យការងាររបស់ខ្លួនប្រព្រឹត្តទៅមុខបាន ។ យើងខ្ញុំដឹងយ៉ាងច្បាស់ថា កិច្ចឧបត្ថម្ភមួយភាគធំសម្រាប់ផ្តល់ជូនយើងខ្ញុំ កើតចេញពីសមាណចិត្តសប្បុរស នៃបណ្តាពលរដ្ឋជាច្រើននៅទូទាំងពិភពលោក ហើយយើងខ្ញុំសូមអរគុណដល់លោកអ្នកទាំងអស់នោះ ។
តាមរយៈទំព័រនេះ លោកអ្នកអាចចូលដោយផ្ទាល់ ទៅកាន់គេហទំព័រនៃម្ចាស់ជំនួយ និងអ្នកគាំទ្រនានា ដោយចុចលើរូបសញ្ញារបស់អ្នកទាំងនោះ ។ លោកអ្នកក៏អាចចូលទៅកាន់គម្រោងរបស់ម.ស.ម.ក ដែលសប្បុរសជនទាំងនោះបានឧបត្ថម្ភផងដែរ ដោយចុចលើឈ្មោះនៃគម្រោងទាំងអស់នោះ ប្រសិនបើឈ្មោះនោះត្រូវបានសរសេរជាអក្សរពណ៌ខៀវ ។
បើលោកអ្នកមានចំណាប់អារម្មណ៍ចង់ដឹង លោកអ្នកអាចស្វែងរកព័ត៌មាន ទាក់ទងនឹងទំហំកិច្ចឧបត្ថម្ភខាងហិរញ្ញវត្ថុ ដែលម.ស.ម.កទទួលបានពីសប្បុរសជនទាំងអស់នោះ និងពីវិភាជន៍មូលនិធិនៃកិច្ចឧបត្ថម្ភនោះ នៅក្នុង “របាយការណ៍សមតុល្យមូលិនិធិប្រចាំខែ” របស់ម.ស.ម.ក ចុះផ្សាយក្នុងផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ។ របាយការណ៍ប្រចាំខែនេះ បរិយាយអំពីខ្ទង់ចំណូល និងខ្ទង់ចំណាយ បែងចែកទៅតាមប្រភេទសប្បុរសជន និងប្រភេទគម្រោង ដែលត្រូវបានលម្អិតជាបីចំណាត់ថ្នាក់ ៖ ធនធានមនុស្ស, កិច្ចឧបត្ថម្ភរដ្ឋបាល និងចំណាយគាំទ្រ, និងចំណាយគម្រោងផ្ទាល់ ៕
ម្ចាស់ជំនួយបច្ចុប្បន្ន









អតីតម្ចាស់ជំនួយ






