ដើម្បីអាចធ្វើឲ្យមានការផ្លាស់ប្តូរនូវកម្រិតការគោរព និងលើកស្ទួយដល់វិស័យសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលកម្ពុជា ទាមទារនូវកំណែទម្រង់ច្បាប់ គោលនយោបាយ និងកំណែទម្រង់ផ្សេងទៀត។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) ធ្វើការលើកម្រិតគោលនយោបាយ ដោយវិភាគរបត់ទ្រង់ទ្រាយធំ និងធ្វើការលាតត្រដាងពីបុព្វហេតុរំលោភសិទ្ធិមនុស្ស ព្រមទាំងផ្តល់អនុសាសន៍សម្រាប់កំណែទម្រង់នានា ដែលចាំបាច់ដើម្បីធានាដល់ការលុបបំបាត់ការរំលោភបំពានសិទ្ធិមនុស្ស។ ម.ស.ម.កប្រឡូកក្នុងការងារតស៊ូមតិជានិរន្តរភាពមួយ ដើម្បីសម្រេចបាននូវកំណែទម្រង់ទាំងនេះ។ យុទ្ធនាការនានា គឺជាផ្នែកសំខាន់មួយក្នុងការងារតស៊ូមតិរបស់មជ្ឈមណ្ឌល ហើយជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តនានា ដែលមជ្ឈមណ្ឌលព្យាយាមជំរុញរដ្ឋាភិបាលធ្វើការលើកស្ទួយការគោរពសិទ្ធិមនុស្សដល់ប្រជាពលរដ្ឋគ្រប់រូប ។
មជ្ឈមណ្ឌលរៀបចំយុទ្ធនាការប្រកបដោយសន្តិវិធី ដោយប្រើប្រាស់មធ្យោបាយជាច្រើន រួមមាន ៖ បាតុកម្ម លិខិតទៅកាន់តំណាងរាស្រ្ត ញ្ញាត្តិ។ល។ ទាំងនេះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញដល់រដ្ឋាភិបាល នូវការមិនពេញចិត្តរបស់យើង លើគោលនយោបាយជាក់លាក់ណាមួយ ឬការទាមទារឲ្យមានកំណែទម្រង់ពិសេសណាមួយ។ យុទ្ធនាការរបស់យើង ផ្តល់ឱកាសដល់ប្រជាពលរដ្ឋសាមញ្ញ អាចធ្វើវិភាគទានទាមទារការផ្លាស់ប្តូរ និងលើកស្ទួយវិស័យសិទ្ធិមនុស្ស ។
ម.ស.ម.កមានប្រវត្តិជោគជ័យមួយចំនួន ក្នុងការធ្វើយុទ្ធនាការដើម្បីសិទ្ធិមនុស្សនៅកម្ពុជា ។ កាលពីខែធ្នូ ឆ្នាំ២០០៥ ម.ស.ម.កបានដឹកនាំធ្វើយុទ្ធនាការមួយ តាមរយៈសម្ព័ន្ធភាពដើម្បីសេរីភាពបញ្ចេញមតិនៅកម្ពុជា ហៅកាត់ថា«អាហ្វិច» ក្នុងនាទីអ្នកសម្របសម្រួល ដើម្បីឆ្លើយតបនឹងការចាប់ដាក់ពន្ធនាគារនៃសកម្មជនសិទ្ធិមនុស្សមួយចំនួន ដែលអ្នកទាំងនោះត្រូវបានដាក់ពន្ធនាគារ បន្ទាប់ពីមានមនុស្សមិនស្គាល់មុខ បានសរសេរពាក្យស្លោកប្រមាថនាយករដ្ឋមន្រ្តី ហ៊ុន សែន លើបដាដែលបានដាក់បង្ហាញក្នុងទិវាសិទ្ធិមនុស្ស។ សម្ព័ន្ធភាពអាហ្វិច បានចែកចាយបូរពណ៌លឿងចំនួន ១០០,០០០ បូរ ជានិមិត្តសញ្ញានៃការទាមទារការគាំទ្រសេរីភាពបញ្ចេញមតិនៅកម្ពុជា។ ការប្រារព្ធយុទ្ធនាការនេះ ត្រូវបានផ្សព្វផ្សាយពេញពិភពលោក ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើន បានពាក់បូរពណ៌លឿងនេះ នៅទីសាធារណៈ ក្នុងគោលបំណងផ្ញើសារយ៉ាងច្បាស់ដល់រដ្ឋាភិបាល ថាសង្គមស៊ីវិលកម្ពុជា ពិតជាមិនអាចទទួលយកនូវការគាបសង្កត់ប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្សឈានមុខនោះឡើយ។ អាហ្វិច ដោយមានការជួយគាំទ្រតាមរយៈសម្ពាធរបស់អន្តរជាតិ បានទទួលជោគជ័យក្នុងការធានាដល់ការដោះលែងសកម្មជនសិទ្ធិមនុស្ស ដែលត្រូវបានដាក់ពន្ធនាគារកន្លងមក។
មកដល់ខែកុម្ភៈ ឆ្នាំ២០០៦ ជាថ្មីម្តងទៀត ក្នុងនាមជាអ្នកសម្របសម្រួលសម្ព័ន្ធភាពអាហ្វិច យើងបានរៀបចំយុទ្ធនាការព្យុះហយាត្រា ទាមទារសេរីភាពបញ្ចេញមតិ ដែលជាលទ្ធផល នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសន្យាថា នឹងលុបបំបាត់បទបរិហាកេរ្តិ៍ពីបទព្រហ្មទណ្ឌ។ បើទោះបីជា បទបរិហារកេរ្តិ៍នៅជាបទល្មើសព្រហ្មទណ្ឌនៅឡើយ កម្រិតដាក់ទោសពន្ធនាគារត្រូវបានគេលុបចេញ។ អាហ្វិចបានរៀបចំព្យុះហយាត្រាម្តងទៀត ចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០០៧ ដោយធ្វើដំណើរថ្មើរជើងចម្ងាយ ៣១៤ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ប្រាង្គប្រាសាទអង្គរវត្ត ដើម្បីទាមទារសេរីភាពបញ្ចេញមតិ អហិង្សា និងភាពអត់អោនខាងនយោបាយនៅកម្ពុជា មុនពេលដែលមានការរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ។
ដើម្បីតាមដានបច្ចុប្បន្នភាពនៃយុទ្ធនាការថ្មីៗរបស់ម.ស.ម.ក និងដើម្បីចូលរួមក្នុងការលើកស្ទួយដល់ការគោរពសិទ្ធិមនុស្សសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមចូលទៅកាន់តំណបណ្តាញខាងក្រោម ៖
-
- ទិវាសិទ្ធិមនុស្សអន្តរជាតិ
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៧៖ មិនអាចបំភ្លេច
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៥
- យុទ្ធនាការប្រឆាំងនិទណ្ឌភាព ២០១៤
- យុទ្ធនាការដើម្បីបញ្ឈប់និទណ្ឌភាពនៅកម្ពុជា ២០១៣
- យុទ្ធនាការ “ឯណាយុត្តិធម៌ខ្ញុំ”
- ទិវាសេរីភាពសារព័ត៌មានពិភពលោក ២០១៣
- យុទ្ធនាការដើម្បីសេរីភាពខាងការបញ្ចេញមតិ
- មូលនិធិយុត្តិធម៌២២/១១