យើងជាអ្នកណា?
សូមជម្រាបសួរ និងសូមស្វាគមន៍

យើងខ្ញុំសូមថ្លែងអំណរគុណដល់លោកអ្នក ចំពោះការចូលទស្សនាគេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស (ម.ស.ម.ក)។ ចំណាប់អារម្មណ៍ និងការគាំទ្ររបស់លោកអ្នកចំពោះ ម.ស.ម.ក គឺជាការផ្តល់កម្លាំងចិត្ត និងសំខាន់បំផុតដល់កិច្ចខិតខំការងាររបស់យើងខ្ញុំបន្តទៀតក្នុងបុព្វហេតុដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
បេសកម្មការងាររបស់ ម.ស.ម.ក គឺដើម្បីដោះស្រាយបញ្ហាទាំងនេះ តាមរយៈការឃ្លាំមើលការរំលោភបំពានសិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យ ការតស៊ូមតិដើម្បីឲ្យមានការផ្លាស់ប្តូរជាចាំបាច់នូវគោលនយោបាយ និងច្បាប់ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងតាមរយៈការផ្តល់អំណាចដល់សកម្មជន និងសហគមន៍ ក្នុងការតស៊ូមតិគាំទ្រដល់សិទ្ធិរបស់ពួកគាត់។
យើងក៏លើកកម្ពស់ផងដែរនូវយុទ្ធវិធីបែបកិច្ចសហប្រតិបត្តិការចំពោះសិទ្ធិមនុស្ស។ នេះមានន័យថាយើងធ្វើកិច្ចសហការជាមួយដៃគូដទៃៗទៀត និងព្យាយាមដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅថ្នាក់មូលដ្ឋាន។ គម្រោងនីមួយៗ របស់យើងខិតខំពង្រឹងអំណាចដល់តួអង្គផ្សេងៗ ជាច្រើន រួមមាន ប្រជាពលរដ្ឋសាមញ្ញ សកម្មជនមូលដ្ឋាន អង្គការដែលមានមូលដ្ឋាននៅតាមសហគមន៍ជាដើម។ នៅលើគេហទំព័រនេះ លោកអ្នកនឹងអាចស្វែងរកព័ត៌មានពាក់ព័ន្ធនឹងតួអង្គទាំងនេះ ប៉ុន្តែលោកអ្នកក៏អាចរកតំណ (LINK) នានាដើម្បីភ្ជាប់ទៅនឹងដៃគូជាតិ និងអន្តរជាតិ ម្ចាស់ជំនួយ និងអង្គការដទៃទៀត ដែលធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
នាងខ្ញុំសូមលើកទឹកចិត្តដល់អស់លោកអ្នកឲ្យប្រើប្រាស់គេហទំព័រនេះ ដើម្បីឆ្វែងយល់បន្ថែមទៀតអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងអំពីសាវតាររបស់ ម.ស.ម.ក បុគ្គលិក និងការងារលើកកម្ពស់ផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ គេហទំព័រនេះ បញ្ចូលឯកសារនានារបស់ ម.ស.ម.ក មានដូចជា សេចក្តីថ្លែងការណ៍ របាយការណ៍ ព្រឹត្តិការណ៍ថ្មីៗ ស្តីពីកិច្ចការងាររបស់យើង ព្រមទាំងព័ត៌មានស្តីពីរបៀបដែលអស់លោកអ្នកអាចគាំទ្រ ម.ស.ម.ក និងតាមដាននូវរាល់សកម្មភាពថ្មីៗរបស់យើងខ្ញុំ។
ប្រសិនបើអស់លោកអ្នក មានសំនួរមកកាន់ ម.ស.ម.ក ឬចង់ចូលរួមក្នុងការងារជាមួយយើង សូមលោកអ្នកមេត្តាកុំរុញរាទាក់ទងយើងខ្ញុំ។ ទំព័រហ្វេសប៊ុក និង ទ្វីតធើ របស់យើងខ្ញុំគឺជាមធ្យោបាយដ៏ងាយស្រួលមួយដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងតាមដាននូវរាល់សកម្មភាពនានារបស់យើងខ្ញុំ។ យើងខ្ញុំសង្ឃឹមថា គេហទំព័ររបស់ ម.ស.ម.ក នឹងជាប្រភពដ៏មានប្រយោជន៍មួយសម្រាប់លោកអ្នក ហើយលោកអ្នកនឹងបន្តចូលទស្សនាគេហទំព័រនេះជាដរាប។
សូមស្វាគមន៍និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោកអ្នក ចំពោះការចូលទស្សនាគេហទំព័ររបស់យើងខ្ញុំ។
នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ចក់ សុភាព

រូបសញ្ញាសម្គាល់របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) គឺ រូបសត្វស្លាបពណ៌ស កំពុងហើរបំបែកចេញពីរង្វង់មូល ពណ៌ផ្ទៃមេឃ ដែលមានន័យថា គឺជាការទាមទារសេរីភាពនៅកម្ពុជា។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) គឺជាអង្គការមិនមែនរដ្ឋាភិបាល មិនមាននិន្នាការនយោបាយ ឯករាជ្យ ឈានមុខមួយដែលធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិសេសសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនៅកម្ពុជា។ យើងធ្វើការផ្តល់អំណាចដល់សង្គមស៊ីវិលដើម្បីទទួលបានសិទ្ធិ និងសម្រេចបាននូវវឌ្ឍនភាព។ តាមរយៈការស្រាវជ្រាវនិងការវិភាគយ៉ាងលម្អិតយើងបង្កើតនូវគោលការណ៍ថ្មីៗនិងធ្វើការតស៊ូមតិឲ្យមានការអនុវត្ត។
អានបន្ថែម៖ តម្លាភាព អភិបាលកិច្ច និងថវិកា
សកម្មជនការពារសិទ្ធិមនុស្ស លោក កឹម សុខា បានបង្កើត ម.ស.ម.ក នៅក្នុងខែ វិច្ឆិកា ឆ្នាំ២០០២។ នៅខែធ្នូ ឆ្នាំ២០១៥ លោកត្រូវបានអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួនជាមួយនឹងសកម្មជនដទៃទៀត ក្រោមការចោទប្រកាន់ពីបទបរិហារកេរ្មិ៍ ដោយសារមតិយោបល់ដែលត្រូវបានសរសេរដោយជនមិនស្គាល់អត្តសញ្ញាណលើបដាដែលបានដាក់បង្ហាញនៅថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្ស។ សកម្មជនទាំងអស់ ត្រូវបានដោះលែងវិញ បន្ទាប់ពីមានសម្ពាធជាអន្តរជាតិ និងបន្ទាប់ពីមានយុទ្ធនាការមួយដើម្បីសិទ្ធិសេរីភាពខាងការបញ្ចេញមតិ ដឹកនាំដោយលោក អ៊ូ វីរៈ នាយកផ្នែកតស៊ូមតិរបស់ ម.ស.ម.ក។
នៅដើមឆ្នាំ២០០៧ លោក កឹម សុខា បានលាឈប់ពី ម.ស.ម.ក ដោយបានបន្តអាជីពជាអ្នកនយោបាយ។ លោក អ៊ូ វីរៈ ត្រូវបានតែងតាំងជាប្រធាន ជំនួសលោកកឹម សុខា ហើយនៅឆ្នាំនោះដែរ លោកបានទទួលពានរង្វាន់ Reebox Human Rights Award ដោយសារការងារលើកកម្ពស់សេរីភាពខាងការបញ្ចេញមតិរបស់លោក។ នៅខែមីនា ឆ្នាំ២០១៤ លោក អ៊ូ វីរៈ បានលាលែងពីដំណែងជាប្រធាន ម.ស.ម.ក ហើយបានជំនួសដំណែង ដោយលោកស្រី ចក់ សុភាព ដែលបច្ចុប្បន្ននេះ បានដឹកនាំ ម.ស.ម.ក កាន់ដំណែងជានាយិកាប្រតិបត្តិ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានគេទទួលស្គាល់ពីស្នាដៃការងារជាច្រើន តាមរយៈ សមាជិកបុគ្គលិកបានទទួលឬត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ដូចខាងក្រោម៖
- ជ័យលាភីពានរង្វាន់ បណ្តាញទំនាក់ទំនងសម្រាប់ការផ្លាស់ប្តូរសង្គម ប្រចាំឆ្នាំ២០១៣ សម្រាប់គេហទំព័រអំពី “សិទ្ធិ” www.sithi.org របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។
- ជ័យលាភីពានរង្វាន់ Information Society Innovation Fund Award (ISIF) ២០១១, ប្រភេទសិទ្ធិ និងសេរីភាពរបស់ www.sithi.org ដែលបានបង្កើតគេហទំព័រអំពីសិទ្ធិមនុស្សមុនគេនៅកម្ពុជា។
- លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ នៃ ម.ស.ម.ក ត្រូវបានតែងតាំងដើម្បីទទួលពានរង្វាន់ Lorenzo Natali Prize ប្រចាំឆ្នាំ២០០៩ ខាងវិជ្ជាជីវៈសារព័ត៌មានផ្នែកសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍។
- លោក អ៊ូ វីរៈ អតីតប្រធាន ហើយបច្ចុប្បន្ននេះ ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ ម.ស.ម.ក ត្រូវបានតែងតាំងដើម្បីទទួលពានរង្វាន់ John Humphrey Freedom Award ប្រចាំឆ្នាំ២០០៨ ចំពោះការងារលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
- លោក អ៊ូ វីរៈ អតីតប្រធាន ហើយបច្ចុប្បន្ននេះ ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ ម.ស.ម.ក ជាជ័យលាភីទទួលពានរង្វាន់ Reebox Human Rights Award ប្រចាំឆ្នាំ២០០៧ ក្នុងការដឹកនាំយុទ្ធនាការដើម្បីសេរីភាពខាងការបញ្ចេញមតិនៅកម្ពុជា។